(បាសេឡូណា)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុមភ្ញៀវមកពីអង់គ្លេស ហង្សក្រហម Liverpool ៣-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League នៅកីឡដ្ឋាន Camp Nou នាយប់មិញនេះ។

៣គ្រាប់ក្នុងដីនេះដែរ រឹតតែធ្វើឲ្យក្រុមនៅតំបន់កាតាឡាញនៃប្រទេសអេស្ប៉ាញមួយនេះ មានក្តីសង្ឃឹមខ្ពស់ក្នុងការឡើង ទៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មុនបញ្ចប់ជើងទី២ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Anfield នាថ្ងៃទី៨ ខែឧសភា។

កីឡាករខ្សែប្រយុទ្ធ Luis Suarez រកបានគ្រាប់ទី១ ទៅលើក្រុមម្ចាស់របស់គេនៅនាទី២៦ ក្រោយពេលទទួលបាល់ពី មិត្តរួមក្រុម Jordi Alba មុនពេលខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បន្ថែម២គ្រាប់នៅចុងវគ្គទី២ ពោលគឺនៅនាទី៧៥ និងនាទី៨២។ ២គ្រាប់នេះដែរ​បានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះរកបាន ២៦គ្រាប់ក្នុង UEFA Champions League ពេលប៉ះក្រុមអង់គ្លេស ច្រើនជាងគេ១៤គ្រាប់បើប្រៀបធៀបទៅនឹងកីឡាករដទៃ។

២គ្រាប់យប់មិញនេះដែរ ក៏ធ្វើឲ្យ Messi រកបានគ្រាប់សរុបកើនដល់ ៦០០គ្រាប់ក្នុងក្លឹប FC Barcelona ក្រោយពេល ចំណាយពេល ១៤ឆ្នាំលេងនៅ Camp Nou ជាមួយនឹងគ្រាប់ដំបូងរបស់គេកើតឡើងពេល Barcelona លេងទល់នឹង ក្រុម Albacete នាខែឧសភា ឆ្នាំ២០០៥៕