(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United ដែលមានមូលដ្ឋានស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បាន​ដាក់តម្លៃទៅលើកីឡាករបារាំង Paul Pogba ប្រមាណ ១៣០លានផោន ស្មើនឹងប្រមាណ ១៦៩លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ Metro នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

កីឡាករ Pogba ដែលបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ពីក្លឹបយក្សអេស្ប៉ាញ Real Madrid និងក្លឹបដទៃផងនោះ ពេលនេះ Man Utd បានដាក់តម្លៃប្រមាណ ១៦៩លានដុល្លារ ដែលជាតម្លៃមួយសម្រាប់ក្លឹបណាដែលចង់បានកីឡាករខ្សែបម្រើរូបនេះ ទៅកាន់ក្លឹបនារដូវកាលទីផ្សារដោះដូរកីឡាករក្នុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។

ស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បានលើកឡើងថា ខ្សែបម្រើបារាំង ត្រូវបានភ្នាក់ងារផ្ទាល់ខ្លួនលើកឡើងថា រូបគេអាចផ្លាស់ប្តូរក្នុងរយៈពេល ២ទៅ៣ខែទៀត ខណៈកីឡាកររូបនេះមានបំណងចាកចេញពីទឹកដី Old Trafford ផងដែរ។

តម្លៃលក់ចេញនេះ មានន័យថា Man Utd ក៏ចំណេញប្រមាណ ៤១លានផោន ក្រោយពេលក្លឹបយក្សអង់គ្លេសមួយនេះ នាំយកកីឡាករស្បែកខ្មៅ វ័យ២៦ឆ្នាំ Pogba កាលឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណ ៨៩លានផោនពីក្លឹបសេះបង្កង់ Juventus របស់អ៊ីតាលី៕