(បរទេស)៖ ក្រុមគ្រួសាររបស់លោក John Singleton ដែលជាអ្នកដឹកនាំខ្សែភាពយន្តអាមេរិក និងជាផលិតករ បានចេញសេចក្ដីប្រកាសថា លោក John Singleton ពិតជាបានទទួលមរណភាព នៅថ្ងៃទី២៩ ខែមេសា កន្លងទៅ ដែលមានរយៈពេល ១៣ថ្ងៃ ក្រោយមានព័ត៌មានបានផ្ទុះឡើងថា លោកបានសន្លប់បាត់ស្មារតី ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល។

ក្រុមគ្រួសាររបស់លោក បានបង្ហាញឲ្យដឹងថា «ជំងឺរបស់លោក John Singleton បានឈានចូលដល់ដំណាក់កាលចុងក្រោយ ដែលធ្វើឲ្យតារារូបនេះ បាត់បង់សតិ មិនអាចគ្រប់គ្រងខ្លួនឯងបាន»

តាមការរៀបរាប់ពីក្រុមគ្រួសាររបស់លោក John Singleton បានឲ្យដឹងទៀតថា លោក John Singleton បានស្លាប់នៅមន្ទីរពេទ្យ Cedars-Sinai Medical Center ក្នុងតំបន់ ឡូស​អាន់​ជ័រ​លេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អតីតអ្នកដឹកនាំរឿងលោក John Singleton បានកើតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៦៨ ហើយ បានទទួលមរណភាព នៅថ្ងៃទី ២៩ខែមេសា ឆ្នាំ២០១៩ ក្នុងវ័យ ៥១ឆ្នាំ៕