(បរទេស)៖ មហាជនបានដឹងរួចមកហើយថា រយៈពេលប៉ុន្មានថ្ងៃមុនបញ្ជាំង រឿង «Avengers: Endgame» កំពុងតែមានភាពល្បីរន្ទឺ លើសកលលោក មិនថានៅតាមអឺរ៉ុប ឬ តំបន់អាស៊ាន នោះទេ សុទ្ធសឹងតែគាំទ្រ ខ្សែភាពយន្តបែបវិទ្យាសាស្រ្តមួយនេះ ហើយមហាជនជាច្រើន នាក់ បាននាំគ្នា ឈរតម្រង់ជួរ ចាំទិញ ក៏ដូចជាកក់សំបុត្រ ដើម្បីចូលទស្សនាពីសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។ ជាមួយគ្នានេះផងដែរ ក្នុងនាមជាអ្នកផលិតខ្សែភាពយន្តលំដាប់អន្ដរជាតិ ផលិតកម្ម Marvel Studios ក៏បានចេញTrailer ខ្លីមួយ ដោយស្នើសុំ ក៏ដូចជាហាមឃាត់ មិនឲ្យមហាជន និយាយពីសាច់រឿង «Avengers: Endgame» នោះទេ ក្រោយចូលទស្សនានៅរោងកុន។

ការធ្វើបែបនេះ គឺក្នុងគោលបំណង ដើម្បីឲ្យមហាជនដែលជាអ្នកគាំទ្ររឿង Avengers និង មហាជនដែលកំពុងតែទន្ទឹងរង់ចាំតាមដានរឿងមួយនេះ មានភាពអន្ទះសារចង់ទស្សនាផ្ទាល់ និង ចង់ឲ្យពួកគេ កាន់តែជក់ចិត្ត ជាមួយនឹងទស្សនិយភាព ឈុតឆាកនិមួយៗ ដែលមហាជន មិនអាចទាយទុកមុន។

សូមជម្រាបថា រឿង «Avengers: Endgame» អាចកើបទឹកប្រាក់ បានរហូតដល់ទៅ ១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីទីផ្សារ លើសកលលោក ក្នុងឱកាស ចាក់បញ្ចាំងអំឡុងពេលចុងសប្ដាហ៍ដំបូង ដែលតួលេខនេះ មានរយៈពេលតែ៥ ថ្ងៃប៉ុណ្ណោះ។ ហើយខ្សែភាពយន្តមួយនេះ គឺជាភាពយន្តទី ២២ ដែលជាសែស្រឡាយ​ខ្សែ​ភាពយន្ត​ Marvel ដែល​ចាប់​ផ្ដើម​តាំង​ពី​ ១១ ឆ្នាំ​មុន ជា​មួយ​ខ្សែ​ភាពយន្ត​ Iron Man និង​បន្ត​រហូត​ដល់​ខ្សែ​ភាពយន្ត​ Avengers: Endgame នេះ៕