(បរទេស)៖ ស្រ្តីជនជាតិឥណ្ឌាកំពុងប្រឈមមុខនឹងហានិភ័យដល់អាយុជីវិត ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែការគ្មានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ដែលតម្រូវឱ្យពួកគេទៅដងពីដណ្តូងមួយ មានជម្រៅរហូតដល់ទៅជិត២០ ម៉ែត្រ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
អាកាសធាតុបានកើនឡើងកាន់តែក្តៅ បានធ្វើឱ្យតំបន់មួយចំនួនស្ងួតហួតហែង ជាពិសេសប្រជាជនក្នុងភូមិចំនួន២៥ នៅភាគខាងលិចប្រទេសឥណ្ឌា គ្មានប្រភពទឹកប្រើប្រាស់។ មូលហេតុនេះ បានបង្ខំឱ្យស្រី្តមួយចំនួន ប្រថុយជីវិតក្នុងការទៅដងទឹកពីអណ្តូងមួយកន្លែង មានជម្រៅរហូតដល់ទៅជិត២០ម៉ែត្រ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ អណ្តូងមួយនោះ ត្រូវបានគេដឹងថា មានទីតាំងនៅក្នុងភូមិ Badewadi ក្នុងរដ្ឋ Maharashtra ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រុកនៅតំបន់នៃភាគខាងលិចប្រទេសឥណ្ឌា បានអះអាងថា មន្រ្តីរដ្ឋាភិបាលបានបរាជ័យក្នុងការដោះស្រាយលើបញ្ហាខ្វះទឹកប្រើប្រាស់នេះ ហើយរហូតមកទល់នឹងពេលនេះ គឺមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ៕