(ភ្នំពេញ)៖ ក្រុមណាហ្គាវើល នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Hanoi FC ក្នុងជំនួបជើងទី២ នៃពានរង្វាន់ AFC Cup 2019 ពូល F នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ចាំមើលណាហ្គាវើល អាចសងសឹកក្រុមខ្លាំងវៀតណាមនេះបានទេ បន្ទាប់ពីរងបរាជ័យក្រៅដី កាលពីជើងទី១ ដោយលទ្ធផល ១០-០?

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតល្ងាចមិញថា ដោយសារមួយរយៈពេលចុងក្រោយ ក្រុមខ្លួនមមាញឹកជាមួយការប្រកួតលីគកំពូលកម្ពុជា ហើយច្រើនប្រកួតតាមខេត្តទៀត ដែលធ្វើឲ្យលោកមានក្ដីបារម្ភ ។ តែយ៉ាងណាលោកសង្ឃឹមថា ការលេងជាប់លាប់ជាមួយគ្នានេះ នឹងធ្វើឲ្យកីឡាករកាន់តែយល់ចិត្តគ្នា ដើម្បីត្រៀមជួប Hanoi ល្ងាចនេះ ។

ម្យ៉ាងវិញទៀត លោករំពឹងថា កូនក្រុមនឹងបង្ហាញការលេងប្លែក មិនឲ្យភ្លាត់ដូចកាលពីជើងទី១ ឡើយ ។ លោកថា «ជួប Hanoi ថ្ងៃនេះ ខ្ញុំជឿថាការលេងនឹងខុសប្លែកជាងកាលលេងនៅហាណូយ ព្រោះកីឡាករមានទំនុកចិត្តជាងមុន ចង់និយាយថា លេងជាមួយ Hanoi យើងជួបទីលានថ្មី ក្រុមគេខ្លាំង លេងសុទ្ធតែ AFC Champions League ចឹងយើងមានអារម្មណ៍ថាប្លែក យើងអត់ដែលជួបគេ ។ ដូច្នេះយើងជួបម្ដង យើងដឹងគុណភាពកីឡាករគេយ៉ាងម៉េច លេងយ៉ាងម៉េច អញ្ចឹងយើងអាចដឹង សូម្បីតែខ្ញុំក៏ដឹង កីឡាករក៏គាត់ដឹង» ។

យ៉ាងណាមិញគោលដៅសំខាន់ក្នុងការប្រកួតនេះ គឺលោកប្ដេជ្ញាមិនត្រូវការចាញ់នោះទេ ពោលបើមានឱកាសលោកនឹងព្យាយាមយកស្មើ ឬយកឈ្នះឲ្យបាន ទៅតាមកាលៈទេសៈ ដ្បិតការប្រកួត ក្រុមនីមួយៗ រមែងចង់ឈ្នះ ហើយលោកក៏ទទួលស្គាល់ដែលថា ក្រុម Hanoi គឺជាក្រុមខ្លាំងមួយក្នុងតំបន់ពិតមែន ។

ដោយឡែកលោក Chu Dinh Nghiem គ្រូបង្វឹករបស់ Hanoi FC វិញ បានលើកឡើងថា លោកមកកម្ពុជាលើកនេះ គោលដៅសំខាន់របស់ខ្លួន គឺត្រូវការ ៣ពិន្ទុត្រឡប់ទៅវិញ តែលោកមិនផ្ដោតលើគ្រាប់បាល់ ដូចកាលពីជួបគ្នាជើងទី១ នោះទេ ហើយលោកក៏គោរពក្រុមណាហ្គាវើល ដែលជាម្ចាស់ផ្ទះដែរ ទោះបីលោកត្រូវការឈ្នះ ដើម្បីរក្សាឱកាស ដើម្បីប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះក៏ដោយ ។

ចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្នវិញ ពេលនេះក្រុម Hanoi កំពុងឈរលេខ២ និងមាន ៧ពិន្ទុ ដែលទាមទារឲ្យពួកគេត្រូវការឈ្នះក្រុមណាហ្គាវើលដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ។ ផ្ទុយពីក្រុមណាហ្គាវើល ដែលសល់ឱកាសតិចតួចបំផុត បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ១ និងចាញ់ ៣ ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ គ្រាដែលក្រុមកំពូលតារាង Tampines Rovers មាន ១០ពិន្ទុក្នុងដៃឯណោះ៕