(ភ្នំពេញ)៖ កីឡាករអន្តរជាតិប្រេស៊ីល Jonatan Santana បានចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោនជាផ្លូវការហើយនៅថ្ងៃ អង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយសារតែបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ ដែលធ្វើឲ្យក្លឹបមានមូលដ្ឋាននៅទីក្រុងភ្នំពេញ មួយនេះនៅសល់កីឡាករបរទេសត្រឹមតែ ៣នាក់ប៉ុណ្ណោះ។
Santana បានរងរបួសជង្គង់ នៅអំឡុងប្រកួតចាញ់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥-១ ដែលជាមូលហេតុធ្វើឲ្យរូបគេមានការឈឺចាប់ខ្លាំង និងអាក់ខានមិនអាចចូលលេងក្នុងទីលានក្នុងរយៈពេលពី៦ ទៅ៨ខែ ឯណោះ ក្រោយពេលរូបគេមកចូលរួមជាមួយភ្នំពេញក្រោនកាលខែធ្នូ ឆ្នាំ២០១៨។
កីឡាករបរទេសដែលនៅសល់មានអ្នកចាំទីប្រេស៊ីល Leonardo Oliveira មិត្តរួមជាតិ Paulo Victor និងខ្សែបម្រើជប៉ុន Shuhei Mitsuhashi។ សមាជិកបរទេសនៅរដូវកាលឆ្នាំ២០១៩ ដែលចាកចេញដំបូងគេ ក្រោយលេងត្រឹម ១ប្រកួត គឺខ្សែប្រយុទ្ធប្រេស៊ីល Darlan Martins ដោយសារបញ្ហាស្រដៀងគ្នានេះផងដែរ។
សូមបញ្ជាក់ផងថា Jonathan Santana បានចូលរួមលេងជាមួយក្រោន កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយចូលលេងបាន ៤ប្រកួតក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ ពោលគឺគ្រប់ការប្រកួតក្នុងលីគរដូវកាលនេះតែម្តង៕