(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានប្រកាសរៀបចំពាន G-Park Youth U-15 លើកទី១ ឆ្នាំ២០១៩ ដោយជ្រើសរើសយុវជន ១០ខេត្តចូលរួម ដូចជាខេត្តព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, ក្រចេះ, បាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ឆ្នាំង, ព្រះសីហនុ និងខេត្តកោះកុង គ្រាដែលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី១៣ ខែមិថុនាខាងមុខ។
តាមរយៈការបង្កើតពាននេះ គឺជាឱកាសដ៏ល្អ សម្រាប់យុវជនតាមខេត្ត ដែលចង់ក្លាយជាយុវជនថ្នាលរបស់ក្លឹបលីគកំពូលកម្ពុជានេះ ដ្បិតវិសាខា ធ្លាប់បានប្រកាសត្រៀមបង្កើតក្រុមយុវជនថ្នាលអាយុក្រោម ១៥ឆ្នាំ (U15) ១ក្រុមទៀត បន្ទាប់ពីក្លឹបបានបង្កើតក្រុម U17 ១ក្រុម ដែលកំពុងជោគជ័យក្នុងការប្រកួតពានរង្វាន់ KMH Cup U18 និងឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសានេះថា កន្លងមកក្លឹបធ្លាប់បានបញ្ជាក់ហើយ ក្លឹបគ្រោងបង្កើតក្រុមយុវជន U15 នាចុងឆ្នាំនេះ។ ដូច្នេះក្លឹបរំពឹងថា តាមរយៈការប្រកួតពានរង្វាន់ G-Park Youth U-15 ក្លឹបអាចនឹងជ្រើសរើសបានយុវជន ១ក្រុម សម្រាប់បណ្ដុះបណ្ដាលក្លាយជាយុវជនថ្នាលផ្លូវការរបស់វិសាខា។
ចំពោះគោលបំណងបង្កើតពានខាងលើ គឺដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ និងផ្ដល់ឱកាសយុវជនចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតស្មារតីធ្វើការជាក្រុម ចៀសឆ្ងាយពីគ្រឿងញៀន។ រីឯលក្ខខណ្ឌប្រកួត បែងចែកជា ២ដំណាក់កាល ទី១៖ ប្រកួតតាមខេត្ត ២ជើងក្នុងដី និងក្រៅដី និងទី២៖ ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា។
សម្រាប់ប្រាក់រង្វាន់ រួមមានលេខ១ ទទួលបានទឹកប្រាក់ ១២លានរៀល, លេខ២ ទទួលបានទឹកប្រាក់ ៨លានរៀល, លេខ៣ ទទួលបានទឹកប្រាក់ ៤លានរៀល និងលេខ៤ ទទួលបានទឹកប្រាក់ ២លានរៀល។ ក្រុម Fair-Play ទទួលបានទឹកប្រាក់ ១លានរៀល។ កីឡាករទាត់បញ្ចូលទីច្រើនជាងគេ ទទួលបានទឹកប្រាក់ ១លានរៀល និងអ្នកចាំទីល្អជាងគេ ទទួលបានស្រោមដៃមាស១ និងទឹកប្រាក់ ១លានរៀល៕