(ឡូសអេនជឺឡេស)៖ ឈុតសម្លៀកបំពាក់Darth Vader ដែលត្រូវបានច្នៃឡើង ដោយក្រុមអ្នកច្នៃម៉ូដ ក្នុងរឿង «Star Wars» កាលពីឆ្នាំ ១៩៧៩ នឹងត្រូវដាក់លក់ដេញថ្លៃ នៅក្នុងកម្មវិធីខ្សែភាពយន្តបែបបុរាណ មួយ នៅខែក្រោយ។ នេះបើយោងទៅតាមសំដីរបស់ម្ចាស់ដេញថ្លៃ Bonhams។
វាជាកម្មសិទ្ធិរបស់ Bryce Kermit Eller ដែលបានបង្ហាញខ្លួនជា Darth Vader នៅក្នុងការបញ្ចាំងខ្សែភាពយន្តមួយ។ ឈុតទាំងនោះមាន ១៧ផ្នែក រួមមាន របាំងមុខពណ៌ខ្មៅ ស្បែកជើងកវែង អាវមានស្បៃក្រោយ និងសម្លៀកបំពាក់ជាឈុត ជាច្រើនទៀត។ អ្នកដេញថ្លៃប៉ាន់ស្មានថា ទឹកប្រាក់ បានពីការដេញថ្លៃ ស្ថិតនៅចន្លោះពី ១ លានទៅ ២ លានដុល្លារអាមេរិក។
សម្លៀកបំពាក់ ដែលនឹងត្រូវដាក់ដេញថ្លៃ គឺជាផ្នែកមួយនៃសំលៀកបំពាក់ Vader ដែលបានផលិតនៅក្នុងឆ្នាំ ១៩៧៩ ដោយក្រុមអ្នករចនាសម្លៀកបំពាក់«Star Wars» លោក John Mollo នៅទីក្រុងឡុងដ៍ សម្រាប់ខ្សែភាពយន្ត "The Empire Strikes Back" ។
សម្លៀកបំពាក់នេះ នឹងក្លាយជាផ្នែកមួយនៃកម្មវិធីតាំងពិព័រណ៌សាធារណៈ ដោយដាក់បង្ហាញនៅក្នុងកម្មវិធី ខ្សែភាពយន្ត Turner Classic ដែលចាប់ផ្តើមនៅថ្ងៃទី ៤ ខែឧសភា មុនពេលចេញលក់នៅថ្ងៃទី ១៥ ខែឧសភា។ សម្ភារៈសម្ដែង និង សំលៀកបំពាក់ ដែលមាននៅក្នុងរឿង «Star Wars» ដែលជាយីហោភាពយន្តដ៏មានប្រជាប្រិយភាពបំផុតមួយ បានរកតម្លៃខ្ពស់នៅពេលដាក់ដេញថ្លៃ កាលពីលើកមុន។ ក្នុងឆ្នាំ ២០១៧ Droid R2-D2 ដែលត្រូវបានប្រើនៅក្នុងខ្សែភាពយន្ត Star Wars ឆ្នាំ១៩៧៧ ក៏អាចលក់បានក្នុងតម្លៃ ២,៧៦លានដុល្លារ ហើយដាវថាមពល ដែលប្រើដោយវីរបុរស Luke Skywalker បានទឹកប្រាក់ចំនួន ៤៥០០០០ដុល្លារ៕