(មេនឆេស្ទើ)៖ កីឡាករខ្សែការពារ Eric Bailly នឹងខកខាន ២ប្រកួតដែលនៅសល់របស់ Manchester United ក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League រដូវកាល ថែមទាំងមិនអាចជួយក្រុមជម្រើសជាតិកូដឌីវ័រលេងក្នុងពាន រង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations ថែមទៀតផង ដោយសាររបួសជង្គង់។
កីឡាករវ័យ ២៥ឆ្នាំ Bailly បានប៉ះទង្គិចគ្នាជាមួយកីឡាករ Mateo Kovacic របស់ក្លឹបតោខៀវ Chelsea នៅអំឡុងប្រ កួតវគ្គទី២ ក្នុង Premier League សប្តាហ៍ទី៣៥ កាលពីរាត្រីថ្ងៃអាទិត្យ ដែលធ្វើឲ្យរូបគេទទួលរងរបួសជង្គង់ជាទម្ងន់ និងត្រូវការរយៈពេលយូរ ដើម្បីព្យាបាលថែមទៀតផង ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។
Bailly បានចាប់ផ្តើមប្រកួតក្នុង Premier League ដំបូងកាលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីជាសះស្បើយពីរបួសផងដែរ និងបន្តខកខានក្នុងពាន Africa Cup of Nations ដែលនឹងចាប់ផ្តើមប្រកួតផ្លូវការ នាថ្ងៃទី២១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៩ ខែកក្កដា ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ។
កូដឌីវ័រ ជាក្រុមខ្លាំងមួយក្នុងពាន Africa Cup of Nations ដែលត្រូវបានចាប់ឆ្នោតស្ថិតនៅជាមួយក្រុមម៉ារ៉ុក អាហ្រ្វិកខាងត្បូង និងណាមីប៊ី៕