(កូរ៉េ)៖ បន្ទាប់ពីធ្វើការបដិសេធនូវរាល់ការចោទប្រកាន់នានា ទាក់ទិននឹងរឿងប្រើប្រាស់គ្រឿងខុសច្បាស់ តារាច្រៀង និងសម្តែងដ៏ល្បីរបស់កូរ៉េ Park Yoochun សមាជិកក្រុម JYJ បានសារភាព និងទទួលស្គាល់ថា គាត់ពិតជាប្រព្រឹត្តខុសច្បាប់។ ក្រុមប៉ូលិសស៊ើបអង្កេតថ្នាំញៀននៃសង្កាត់ Gyeonggi បានប្រកាសថា Yoochun បានសារភាពថា ពិតជាបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន។
សូមបញ្ជាក់ថា Park Yoochun ត្រូវបានចោទប្រកាន់លើ ការទិញគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) ចំនួន ១.៥ក្រាម និងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ជាមួយ Hwang Hana ដែលជាអតីតគូដណ្តឹងរបស់លោក ហើយលទ្ធផលនៃការធ្វើតេសរកសារធាតុញៀនរបស់លោក គឺវិជ្ជមាន។ កាលពីដំបូងឡើយលោកបានបដិសេធនូវការប្រើប្រាស់គ្រឿងញៀន និងអះអាងថា លោកគ្រាន់់តែបានទិញរបស់ម្យ៉ាងឱ្យ Hwang Hana ដោយមិនដឹងថា វាជាគ្រឿងញៀននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ទីបំផុត Park Yoochun បានសារភាពថា គាត់ពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងពេលការសួរចម្លើយកាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញ ហើយលោកបានបញ្ជាក់ថា លោកខ្លាចបែកធ្លាយរឿងអាម៉ាសរបស់ខ្លួន ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តបញ្ជាក់ការពិត។
Park Yoochun បាននិយាយថា «ខ្ញុំពិតជាខ្លាចនូវការទទួលស្គាល់ការពិត ប៉ុន្តែខ្ញុំគិតថា ខ្ញុំត្រូវតែទទួលស្គាល់នូវអ្វីដែលត្រូវតែទទួលស្គាល់ និងស្នើសុំការអភ័យទោសនូវរាល់រឿងរ៉ាវដែលត្រូវសុំអភ័យទោស»៕