(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីព Keller Williams Cambodia League 2019 បានបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៧ ហើយ គ្រាដែលកៅអី ៥ក្រុមកំពូលតារាង (Top-5) កាន់តែតានតឹង ដ្បិតក្រុម Riel Phnom Penh បានបន្ដកំណត់ត្រាឈ្នះ ៧ប្រកួតផ្ទួនៗក្ដី។

ក្រុម Riel Phnom Penh បានលត់ក្រុម ATK ដោយលទ្ធផល ១១-០ នៅកីឡដ្ឋានវេស្ទើន។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមសម្បូរដោយកីឡាករបរទេសនេះ រក្សាកៅអីកំពូលតារាង និងមាន ២១ពិន្ទុ។ តែក្រុម ISI United ក៏មិនធម្មតាដែរ ដោយចាញ់ប្រៀបតែ ២ពិន្ទុប៉ុណ្ណោះ ក្រោយលត់ក្រុម Home Sport ១៣-១ ដើម្បីឡើងទៅឈរលេខ២ និងមាន ១៩ពិន្ទុ ជាលទ្ធផល ៧ប្រកួត ឈ្នះ៦ និងស្មើ១ មិនទាន់ស្គាល់ចាញ់ដូចគ្នា។

ប៉ុន្ដែក្រុមឈរលេខរៀងបន្ទាប់ ក៏មិនទាន់ដាច់ឆ្ងាយពិន្ទុប៉ុន្មានដែរ ជាក់ស្ដែងក្រុម Avatar បានយកឈ្នះក្រុមខ្លាំង Khmer United A ៣-១ ដែលនាំឲ្យក្រុមការពារតំណែងជើងឯក Avatar មាន ១៨ពិន្ទុ ឈរលេខ៣ ខណៈក្រុម Khmer United A រក្សា ១៦ពិន្ទុក្នុងដៃ ធ្លាក់មកឈរលេខ៤។ រីឯក្រុម Bayon Wanderers និងក្រុមបាក់ បានហក់មកឈរលេខ៥ និងលេខ៦ ដោយមាន ១៥ពិន្ទុស្មើគ្នា បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ។

ចំពោះក្រុម Bayon Wanderers បានយកឈ្នះក្រុម Anvaya ៣-០ ឯក្រុមបាសាក់ បានយកឈ្នះក្រុម Khmer United U22 ២-០។ រីឯលទ្ធផល ៣គូទៀត រួមមានក្រុម Mambo Phnom Penh ឈ្នះក្រុមគ្រួសារតាំងគោក ៣-២ និងក្រុម Sen Sok Empire ឈ្នះក្រុម Sniper ៥-៣ តែក្រុម Khmer United B ប៉ះក្រុមទន្សោង ត្រូវបានលើកពេល ព្រោះមានភ្លៀងធ្លាក់ខ្លាំងទឹកដក់លើទីលាន មិនអាចដំណើរការការប្រកួតបាន៕