(ភ្នំពេញ)៖ តារាប្រុសរូបសង្ហារ ឆឹម សក្កដា ត្រូវបានទស្សនិកជនជាច្រើន ទទួលស្គាល់ពីសមត្ថភាពសិល្បៈរបស់លោក ទាំងការច្រៀង និងសម្តែងភាពយន្ត ពូកែលេងទឹកមុខ ចូលតួបានគ្រប់ប្រភេទតួអង្គតែម្តង។ ដោយសារទេពកោសល្យ និងមានរូបសម្បត្តិស្រស់សង្ហារ ចេះផ្តល់តម្លៃឱ្យការងារ រួមជាមួយនឹងការតស៊ូក្នុងសិល្បៈផងនោះ បានធ្វើឱ្យតារាប្រុសរូបនេះ ដើរដល់ចំណុចមួយជោគជ័យ អាចក្តោបក្តាប់បានតំណែងជាតួឯក ក្នុងរឿងភាគធំជាច្រើនបន្តបន្ទាប់។ តាមរយៈបទពិសោធផ្ទាល់ខ្លួន លោក ឆឹម សក្កដា អះអាងថា មិនមែនតែរូបលោកទេ គឺមានអ្នកសិល្បៈច្រើនណាស់ ដែលជោគជ័យ ដោយសមត្ថភាពខ្លួនឯង ដោយមិនបានពឹងលើខ្សែ ឬបក្ខពួកឡើយ។ លោកប្រកាន់ជំហរថា អ្នកជោគជ័យដល់កំពូល គឺមិនមែនដោយសារខ្សែនោះទេ។
តួឯកប្រុសក្នុងរឿង «កូនពស់កេងកង» លោក ឆឹម សក្កដា បានឱ្យដឹងតាមរយៈទូរស័ព្ទថា លោកមិនច្រានចោលមតិមួយចំនួន ដែលអះអាងថា «ការចូលសិល្បៈតាមខ្សែ ឬបក្ខពួកទើបឆាប់ល្បីល្បាញ» នោះទេ តែលោកសុំបញ្ចេញមតិផ្ទាល់ខ្លួនថា រាល់ការជោគជ័យរបស់បុគ្គលម្នាក់ៗ គឺសុទ្ធសឹងតែមកពីកត្តាខ្លួនឯងផ្ទាល់ និងមានអ្នកសិល្បៈជាច្រើន ដែលតស៊ូ បានជោគជ័យ ដោយគ្មានខ្សែ ឬបក្ខពួក។ សម្រាប់លោកផ្ទាល់ ទំរាំមកដល់បច្ចុប្បន្ន គឺវេទនាខ្លាំងណាស់ ព្រោះក្រៅពីផលិតករផ្តល់ឱកាសឱ្យហើយនោះ ត្រូវជួយខ្លួនឯង ទាំងកត្តាសមត្ថភាព ទេពកោសល្យ អត្តចរិក និងរូបសម្បតិ្តជាដើម។ ទោះធ្លាប់ប្រឡងដើរម៉ូតក្តី តែពេលចូលសម្តែងបានតំណែងត្រឹមតែជាតួ Background តែប៉ុណ្ណោះ ព្រោះមិនមានខ្សែ ប៉ុន្តែដោយសារសមត្ថភាព និងអត្តចរិក រួមទាំងការតស៊ូ និងផលិតករផ្តល់ឱកាសឱ្យផងនោះ ទើបធ្វើឱ្យលោកមានឈ្មោះដល់បច្ចុប្បន្ន។
លោក ឆឹម សក្កដា ដែលទស្សនិកជនតែងតែហៅថា ជាគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់ កញ្ញា ពេជ្រ សោភា បានសង្កត់ធ្ងន់ថា សម្រាប់តួសម្តែង គឺមានតាមរយៈខ្សែ ឬបក្ខពួក មិនអត់នោះទេ ប៉ុន្តែគ្មាននរណាម្នាក់ជោគជ័យដល់កំពូល ដោយសារខ្សែខ្នងនោះឡើយ។ ដូច្នេះ លោកបានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ជាពិសេសចំពោះអ្នក ដែលមានបំណងចង់ប្រឡូកក្នុងវិស័យសិល្បៈ កុំបាក់ទឹកចិត្ត ឬអស់សង្ឃឹមដោយសាររឿងបក្ខពួកនេះ ព្រោះរាល់ការតស៊ូ គឺតែងតែជោគជ័យ។ ឧទាហរណ៍ដូចរូបលោកជាដើម គឺគ្មានខ្សែនោះទេ តែអាចវិវត្តន៍ខ្លួនមកដល់ចំណុចល្បីឈ្មោះដូចបច្ចុប្បន្ន។
ជាចុងក្រោយ តារាប្រុសលោក ឆឹម សក្កដា បានផ្តាំផ្ញើរនូវសារថ្លែងអំណរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រស្នាដៃរបស់លោក មិនថាចម្រៀង ឬសម្តែងនោះទេ ពិសេសគឺ គឺផលិតករដែលបានផ្តល់ឱកាសឱ្យរូបលោកក្នុងការចូលរួមសម្តែងភាពយន្ត ព្រោះបើគ្មានផលិតករផ្តល់ឱកាស និងគ្មានទស្សនិកជនគាំទ្រ លោកក៏មិនល្បីល្បាញនោះដែរ៕