(កូរ៉េ)៖ Ji Chang Wook នឹងធ្វើការជួបអ្នកគាំទ្រ ជាលើកដំបូង នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រមួយ បន្ទាប់ពីរូបលោកបានបញ្ចប់កាតព្វកិច្ច បម្រើកងទ័ព អស់រយៈពេល ២ឆ្នាំរួចរាល់។

តារាសម្ដែងរូបនេះ នឹងធ្វើការជួបអ្នកគាំទ្រ តាមរយៈកម្មវិធី «Fanmeeting»។ ប្រភពអ្នកជិតស្និទ្ធរបស់លោក បានបង្ហើបឲ្យដឹងថា តារាសម្ដែងរូបនេះ នឹងធ្វើការជួបអ្នកគាំទ្រ នៅ Seoul I-Market Hall ក្នុងតំបន់ Hannam-dong នៅថ្ងៃទី ១៩ ខែឧសភា ម៉ោង៦ល្ងាច(ម៉ោងក្នុងតំបន់)។ ហើយគេក៏បានរៀបចំ កក់កន្លែងរួចរាល់ផងដែរ សម្រាប់ជំនួបពិសេសរវាងតារាសម្ដែង Ji Chang Wook និង អ្នកគាំទ្រ។ សំបុត្រនឹងចាប់ផ្ដើមដាក់លក់នៅថ្ងៃទី២ ខែឧសភា វេលាម៉ោង ៨យប់ (ម៉ោងក្នុងស្រុក) នៅ Interpark។

គួរបញ្ជាក់ថា Ji Chang Wook បានបំពេញកាតព្វកិច្ចយោធារបស់ខ្លួនរួចរាល់ នៅថ្ងៃទី ២៧ ខែមេសា ហើយនៅពេលវិលត្រឡប់មកវិញ ក៏មានអ្នកគាំទ្រ និងអ្នកសារព័ត៌មានរងចាំទទួលលោក និងផ្ដិចយករូបភាពរបស់លោកយ៉ាងច្រើនកុះកុញផងដែរ៕