(ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច កាលពីមួយរយៈមុន នាយ សាន ម៉ៅ ដែលទស្សនិកជនស្គាល់ថា គឺជាសិល្បករផ្នែកល្ខោន និងកំប្លែង ត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលជំងឺនៅប្រទេសថៃ ដោយសារតែស្ថានភាពជំងឺសួត និងបេះដូង មានសភាពធ្ងន់ធ្ងរ។ ក្រោយទទួលការព្យាបាលពីក្រុមគ្រួពេទ្យនៅទីនោះ ក្រោមការជួយជ្រោមជ្រែងចេញថ្លៃព្យាបាលពីបណ្តាសប្បុរសជននានា បានធ្វើឱ្យជំងឺរបស់នាយ សាន ម៉ៅ ប្រសើរឡើងវិញច្រើនហើយ។ តែយ៉ាងណា ថ្មីៗនេះជំងឺរបស់នាយស្រាប់តែរើឡើងវិញ ដល់ថ្នាក់និយាយមិនរួច និងបច្ចុប្បន្នកំពុងរង់ចាំវះកាត់បំពងកនៅ មន្ទីរពេទ្យជោរៃភ្នំពេញ។

យោងតាមលោក សុះ ម៉ាច តំណាងឱ្យប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចនច័ន្ទលក្ខិណា និងលោក ហេង ឡុង បានលើកឡើងថា «ខ្ញុំបាទរួមទាំងបងប្អូនសិល្បករ-សិល្បការិនី បានទៅសួរសុខទុក្ខលោក សាន ម៉ៅ រៀមច្បងសិល្បករផ្នែកល្ខោន និងកំប្លែង ដែលចូលសម្រាកនៅមន្ទីរពេទ្យជាលើកទី៤ ព្យាបាលជម្ងឺសួតបេះដូង និងវះកាត់ដុំសាច់នៅបំពង់ក»

លោក សុះ ម៉ាច បន្ត «សូមបញ្ជាក់ថានាយ បានធូរស្រាលខ្លះហើយ ក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសថៃ កាលពីចូលឆ្នាំចិនកន្លងមក ដោយអាចបរិភោគបានដើរបាននិយាយបាន។ ទើបតែប៉ុន្មានថ្ងៃនេះជំងឺហាក់រើឡើងវិញ តម្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ និងកំពុងសម្រាកក្នុងបន្ទប់១៣០៣។ ពេលនេះនាយមិនអាចនិយាយបានទេ បានត្រឹមតែងក់ក្បាល និងបង្ហូរទឹកភ្នែកដកដង្ហើម តាមរន្ធដែលចោះត្រង់បំពង់ក រង់ចាំខែក្រោយ វះកាត់និងដេរបំពង់ក ទើបអាចសង្ឃឹមថាអាចនិយាយបានខ្លះវិញ។ បើតាមការរៀបរាប់ពីភរិយារបស់លោក ដែលមើលថែ ទាំងក្តុកក្តួលអួលដើមកថា គាត់អស់់លទ្ធភាពក្នុងការចំណាយ ដើម្បីព្យាបាលស្វាមីទៀតហើយ។ សង្ឃឹមលើចិត្តសប្បុរស ពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសិល្បករ-សិល្បការិនី ដើម្បីបន្តព្យាបាលនាយឲ្យជាសះស្បើយវិញ»

លោក សុះ ម៉ាច បានបន្ថែមថា «ខ្ញុំសែនសង្វេកស្ទើរទប់ទឹកភ្នែកមិនបាន ពេលឃើញនាយក្នុងសភាពបែបនេះ។ សមាគមបានឧបត្ថម្ថថវិការមូលនិធិសិល្បករចាស់ជរាជាលើកទី៤ចំនួន ២៥០$ ខ្ញុំបាទក៏ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន៥០$ រួមទាំងបងស្រីគ្រត៥០$ផងដែរ។ បើលោកអ្នកមានបំណងសួរសុខទុក្ខ ឬឧបត្ថម្ភដល់នាយសូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៥ ៧៣៦..ឬលេខខ្ញុំបាទ ០១៧ ៤៨០ ១៧៧...០៨៧ ២៧៦.៦៦៣ សូមអរគុណ .សូមជួយផ្តល់កម្លាំងចិត្ត និងឧបត្ថម្ភតាមសទ្ធាដល់នាយផង!!!ថ្ងៃនេះនាយ សាន ម៉ៅ នាយក្តឹប តើថ្ងៃក្រោយនរណាទៀត? សូមទេវតាឆ្នាំថ្មីព្រមទាំង វត្ថុសក្តិសិទ្ធិក្នុងលោកជួយថែរក្សាសិល្បករ-សិល្បការិនីខ្មែរទាំងអស់ ឲ្យជៀសផុតពីគ្រោះអកុសលទាំងឡាយផង!!!»

គួរជម្រាប់ថា នាយ សាន ម៉ៅ បានស្ងប់ស្ងាត់ពីវិស័យសិល្បៈមួយរយៈធំមកហើយ ដោយសារបញ្ហាសុខភាពមិនអំណោយផល ខណៈបច្ចុប្បន្នលោកកំពុងទទួលការព្យាបាលពីក្រុមគ្រួពេទ្យ។ អ្នកសិល្បៈ និងទស្សនិកជន កាលដែលបានដឹងនូវដំណឹងនេះហើយ បានផ្តាំផ្ញើរនូវសារជូនពរឲ្យតារាកំប្លែងនាយ សាន ម៉ៅ ឲ្យឆាប់ជាសះស្បើយពីជំងឺនេះឆាប់ៗនេះផងដែរ។