(ភ្នំពេញ)៖ ក្រុមក្រសួងការពារជាតិ(ទ័ព) និងវិសាខា បានស្គាល់បរាជ័យក្នុងរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ហើយ ក្នុងការប្រកួតសប្ដាហ៍ទី៥ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដកំណត់ត្រាឈ្នះ ៥ប្រកួតផ្ទួនៗ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ជាមួយលទ្ធផល ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ចំពោះក្រុមក្រសួងការពារជាតិ បានស្គាល់ពាក្យចាញ់ ក្រោមថ្វីជើងក្រុមបឹងកេតអែហ្វស៊ី លើទឹកដីរបស់ខ្លួន ជាមួយលទ្ធផល ២-០ ។ ក្រុមទាំងពីរ មិនអាចទម្លាយរបាំងការពារគ្នាបានទេ នៅតង់ទី១ តែចូលតង់ទី២ បឹងកេត បានបង្កើនការប្រយុទ្ធកាន់តែខ្លាំង រហូតបញ្ចប់ទីបាន ២គ្រាប់ ដោយកីឡាករ លី មីហ្សាន និង Purcino Luiz ។ ឯក្រុមម្ចាស់ផ្ទះ បានត្រឹមសោកស្ដាយ ក្រោយវាយបកមិនបានសម្រេច ។
ឯក្រុមវិសាខា បានចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទអង្គរថាយហ្គឺរ ២-១ ។ ការប្រកួតដ៏តឹងតែងនេះ តង់ទី១ អហ្គរថាយហ្គឺរ បាននាំមុខ ១-០ ដែលធ្វើសម្រេចដោយ Yudia Ogawa នៅនាទីទី១០ ។ ចូលតង់ទី២ កីឡាករ IDEGUCHI បានជួយវិសាខា តាមស្មើ ១-១ នៅនាទី៦១ តែ ៨នាទីក្រោយមក Yudia Ogawa ក៏រកបានគ្រាប់ទី២ ឲ្យអង្គរថាយហ្គឺរ ហើយក៏ជាគ្រាប់ជួយឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុតែម្ដង ។
ជាមួយនឹងការបរាជ័យលើកដំបូងនេះ បានធ្វើឲ្យតារាងពិន្ទុមានការប្រែប្រួល ដោយក្រសួងការពារជាតិ ធ្លាក់មកឈរលេខ៤ និងវិសាខា ធ្លាក់មកឈរលេខ៦ ខណៈបឹងកេត ឡើងទៅឈរលេខ៥ តែមាន ១០ពិន្ទុស្មើៗគ្នា ចាញ់ប្រៀបក្រុមអង្គរថាយហ្គឺរ ១ពិន្ទុ បន្ទាប់ពីក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាបនេះ ឆ្លងកាត់ ៥ប្រកួតឈ្នះ៣ និងស្មើ២ មិនទាន់ស្គាល់ចាញ់មាន ១១ពិន្ទុក្នុងដៃ ។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង នៅមិនទាន់មានក្រុមណា អាចយកឈ្នះពួកគេនោះទេ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ដែលជាជ័យជម្នះលើកទី៥ និងមាន ១៥ពិន្ទុពេញ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ទៀតផង ៕