(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន មាស សុខសោភា កាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ១៨ ខែមេសា កន្លងទៅនេះ នាងបានចេញដំណើរទៅធ្វើការសម្ដែង នៅឯក្រៅប្រទេស គឺទៅសម្ដែងនៅលើទឹកដី នៃប្រទេសកាណាដា ក្នុងទីក្រុងចំនួន៧ ខណៈការប្រគំតន្រ្តី ដែល​ធ្វើឡើងកន្លង​មក​នេះ​ គឺទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំង ដោយ​សំបុត្រចូលទស្សនាការ ​ប្រគំតន្ត្រីនៅទីក្រុង Montreal ត្រូ​វបាន​លក់​អស់គ្មានសល់ តាំងពីជិត៣ខែមុន​មក​ម៉្លេះ​។

ដោយឡែក អ្វីដែលគួរឲ្យធ្វើការចាប់អារម្មណ៍ និងកត់សម្គាល់ខ្លាំង​ជាងនេះទៅទៀត​ ចំពោះការដាក់លក់បុត្រសម្រាប់ការប្រគំ​តន្ត្រីបន្ទាប់នៅ Edmonton គឺលក់អស់​ក្នុងរយៈពេលត្រឹមតែ២ម៉ោង​ប៉ុណ្ណោះ​។ នេះ​គឺជា​ជោគជ័យយ៉ាង​ធំធេង​ និង​បង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន​ យ៉ាងជ្រាលជ្រៅអំពីសំណាក់ បងប្អូនខ្មែរដែល​រស់នៅប្រទេស​កាណាដា​ ចំពោះអ្នកនាង មាស សុខសោភា។

គួរបញ្ជាក់ថា កាលចេញទៅសម្ដែងនេះ គឺតារាចម្រៀងស្រីរូបនេះត្រូវទៅសម្ដែងនៅក្នុងទីក្រុងធំៗ ៧ផ្សេងៗគ្នា ដែលការសម្ដែង​គឺចាប់ពីចុងខែមេសារហូតដល់ដើមខែមិថុនា ដែលមានដូចជាទីក្រុង Montreal នៅថ្ងៃទី ២០ខែមេសា ទីក្រុង Edmonton ថ្ងៃទី៤ ខែឧសភា ទីក្រុង Hamilton ថ្ងៃទី ១១ ខែឧសភា ទីក្រុង​ Toronto ថ្ងៃទី ២៥ ខែឧសភា ទីក្រុង Montreal នៅថ្ងៃទី ១ ខែមិថុនា ទីក្រុង Winnipeg ថ្ងៃទី៨ ខែមិថុនា ទីក្រុង Calgary ថ្ងៃទី១៥ ខែមិថុនា និងទីក្រុង Vancouver ថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៩៕