(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (MMA) បានផ្ដល់នូវដំបូន្មាន ២ចំណុច សម្រាប់កីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship នាពេលឆាប់ៗខាងមុខ និងបានសង្កត់ធ្ងន់ថា កីឡាឈ្នះ ឬចាញ់ គ្រាន់តែជាលទ្ធផលប៉ុណ្ណោះ សំខាន់តើពួកគេបានបង្ហាញបច្ចេកទេសល្អកម្រិតណា?

ការថ្លែងបែបនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្ដីពីកីឡាករ-កីឡាការិនី MMA ឆ្នើមកម្ពុជា ៣រូបរួមមានកីឡាករ ចាន់ រតនា, កីឡាករ សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ នាពេលឆាប់ៗខាងមុខ។

លោកថា «កីឡាចាញ់-ឈ្នះ គឺជាលទ្ធផល តែសំខាន់ជាងគេ ក្នុងការប្រកួត គឺជាកម្រិតបច្ចេកទេស បើកម្រិតបច្ចេក ទេសយើងខ្ពស់ ទោះបីចាញ់ ក៏សប្បាយចិត្តដែរ តែបើបច្ចេកទេសយើងទាបទៅប្រកួតជាមួយគេ ចាញ់ដោយការមាក់ ងាយ ចាញ់ដោយបញ្ហា និងអាចគ្រោះថ្នាក់។ តែបើបច្ចេកទេសយើងល្អ ចាញ់ ឬឈ្នះ យើងមានកិត្តិយសទាំងអស់គ្នា។ មួយទៀត គឺក្រមសីលធម៌ ចាញ់ ឬឈ្នះ តែយើងបានប្រកួតដោយត្រឹមត្រូវ តាមគោលការណ៍ Fair-Play និងបទបញ្ជា ការប្រកួតឲ្យបាន»

អគ្គលេខាធិការ NOCC ដដែលបន្ដថា «ដោយផ្អែកលើកត្ដាទាំងនេះ ខ្ញុំស្នើឲ្យបណ្ដាញសារព័ត៌មាន រួមចំណែកលើក តម្កើនកម្រិត​បច្ចេកទេសឲ្យបានល្អ កុំឲ្យចាញ់ យើងអត់យល់ ឲ្យតែចាញ់ ដឹងតែបន្ទោស ដឹងតែខុស។ អញ្ចឹងយើងត្រូវ មើល តើការចាញ់របស់គាត់យ៉ាងម៉េច គាត់ខិតខំអស់ពីសមត្ថភាពអត់? បង្ហាញនូវជំនាញច្បាស់លាស់អត់? បង្ហាញ បច្ចេកទេសល្អអត់? ទាំងអស់នេះ គឺជាការផ្ដល់នូវកម្លាំងចិត្តដល់កីឡាកររបស់យើង ត្រូវពង្រឹងការយកចិត្តទុក និងត្រូវកែសម្រួល ដើម្បីត្រៀមការប្រកួតថ្ងៃក្រោយទៀត»

ក្រឡេកទៅចាប់អារម្មណ៍ កម្មវិធីប្រកួតរបស់ជើងខ្លាំង MMA កម្ពុជាទាំង ៣រូបខាងលើវិញ រួមមានកីឡាករ ចាន់ រតនា ត្រូវប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូនេស៊ី Rudy Agustian និងកីឡាការិនី នៅ ស្រីពៅ ប៉ះកីឡាការិនីម្ចាស់ផ្ទះដូចគ្នា គឺកីឡាការិនី Priscialla Hertati Lumban Gaol ក្នុងព្រឹត្តិការណ៍ ONE: For Honor នៅថ្ងៃទី០៣ ខែឧសភា។ ចំណែកកីឡាករ សុខ ធី ត្រូវប៉ះកីឡាករថៃ Rodtang Jitmuangnon នាថ្ងៃទី១០ ខែឧសភា ក្នុងព្រឹត្តិការណ៍ ONE: Warriors Of Light នៅទីក្រុងបាងកក ប្រទេសថៃ៕