(ចិន)៖ ខ្សែភាពយន្ដរឿង «Avengers: Endgame» របស់ Marvel Studio ដែលត្រូវបានគេប៉ាន់ស្មានថា អាចរកចំណូលឲ្យរោងកុននៅប្រទេសចិន បានយ៉ាងច្រើនលើសលុបនោះ ត្រូវបានដាក់បញ្ចាំងជាលើកដំបូង កាលពីថ្ងៃទី ២៤ ខែមេសា ដោយមានអ្នកចូលទស្សនាយ៉ាងច្រើន រហូតលក់សំបុត្របានជាង ១០៧លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់អ្នកគាំទ្ររឿង «Avengers: Endgame» នៅចិន ខ្សែភាពយន្តនេះ ត្រូវបានគេចាត់ទុកថា ជារឿងពិសេសប្រចាំរោងកុន នៅឆ្នាំនេះ។ អ្នកទស្សនា ដែលបានទិញសំបុត្រទុកមុន បានប្រញាប់ប្រញាល់ទៅកាន់រោងភាពយន្ត ដោយបានសម្រុកទៅមើលតាំងពីការដាក់បញ្ចាំង នៅពាក់កណ្ដាលអាធ្រាត្រ ថ្ងៃដំបូង ដើម្បីចង់ដឹងថា តើ Superheroes របស់ពួកគេដែលបានរលាយខ្លួនបាត់ទៅជាភាគល្អិត កាលពីរឿង «Avengers: Infinity War» នឹងអាចរស់រានមានជីវិត មកវិញ នៅវគ្គ Endgame នេះឬយ៉ាងណា ហើយក្រុម Avengers អាចជួយសង្រ្គោះចក្រវាលនោះ បានឬយ៉ាងណា។
Box office បានដាក់លក់សំបុត្រ សម្រាប់ការដាក់បញ្ចាំង នៅពាក់កណ្ដាលអាធា្រធ ឈានចូលដល់ថ្ងៃទី ២៥ ខែមេសា ដែលជាការដាក់បញ្ចាំងលើកដំបូង នៅក្នុងប្រទេសចិន បានឈានដល់ប្រហែល ជិត ២៧ លានដុល្លារអាមេរិច ខណៈដែលអ្នកទស្សនាភាពយន្តជាង ៣លាននាក់ បានចូលរួមក្នុងការចាក់បញ្ចាំងជាប្រវត្តិសាស្ត្រ នៅទូទាំងប្រទេស។
ការលក់សំបុត្រមុន សម្រាប់ការបើកសម្ពោធខ្សែភាពយន្តរបស់ Marvel កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានបំបែកកំណត់ត្រា លក់មុនមួយថ្ងៃ ដែលឈានដល់ប្រហែល ២៣២លានយន់ ឬជិត ៣៥លានដុល្លារអាមេរិច៕