(កូរ៉េ)៖ យោងទៅលើរបាយការមួយរបស់សារព័ត៌មាន JTBC News នៅថ្ងៃទី២៦ ខែមេសានេះ បានបញ្ជាក់ថា ប៉ូលិសគ្រោងស៊ើបអង្កេតផលិតម្ម YG Entertainment ជុំវិញរឿងរបស់ Seungri ដែលជួលសណ្ឋាគារសម្រាប់សេវាកម្មពេស្យាចារ។

នាយកប្រតិបត្តិ Yuri Holdings លោក Yoo Inseok ទទួលស្គាល់ការចំណាយរបស់ Seungri ទៅលើពេស្យាចារកាលពីថ្ងៃទី២៥ ហើយប៉ូលិសក៏ទទួលបានចម្លើយជាក់លាក់​ពីអំពើពេស្យាចារ ដែលបំរើសេវាកម្មឱ្យអ្នកជំនួញជនជាតិជប៉ុន នៅសណ្ឋាគារ H ក្នុងទីក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ២០១៥។

Seungri បានទទួលស្គាល់ការចំណាយទៅលើសណ្ឋាគារ ប៉ុន្តែលោកបានបដិសេធរឿងផ្តល់សេវាកម្មពេស្យាចារ។ ចំពោះការចំណាយលើកាតឥណទានដោយ Seungri ខាងផលិតកម្ម YG បាននិយាយថា «នោះជាការចំណាយផ្ទាល់ខ្លួនរបស់ Seungri ខ្លួនគាត់ផ្ទាល់គ្រប់គ្រងការចំណាយលើកាតឥណទាននោះ»

ប៉ូលិសគ្រោងស្នើសុំដីកាចាប់ខ្លួន Seungri និងលោក Yoo ពីតុលាការក្នុងបទសង្ស័យ «ផ្តល់សេវាកម្មពេស្យាចារ និងការក្លែងបន្លំ» បន្ទាប់ពីខាងប៉ូលិសបញ្ចប់ការស៊ើបអង្កេត ទៅលើការចំណាយរបស់ផលិតកម្ម YG Entertainment៕