(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនដាវ បានបង្កើតពានរង្វាន់ថ្នាក់ជាតិថ្មីមួយទៀតហើយ មានឈ្មោះថា Western Cup ដែលបានធ្វើការប្រកួត ១ថ្ងៃពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សទូទាំងរាជធានីភ្នំពេញចូលរួមប្រកួត និងចម្រាញ់រកធនធានកីឡាករ-កីឡាការិនីល្អៗ សម្រាប់បន្ដវេនជាមួយប្រភេទកីឡាមានដើមកំណើតពីអឺរ៉ុបនេះ។

លោក តែ ឡូរិន ប្រធានសហព័ន្ធបានឲ្យដឹងថា នេះគឺជាលើកទី១ ហើយ ដែលសហព័ន្ធ បានសហការជាមួយសាលាវេស្ទើនរៀបចំពានរង្វាន់នេះឡើង ក្នុងគោលបំណងឲ្យសិស្សតាមគ្រឹះស្ថានក្នុងរាជធានីភ្នំពេញ ដែលហ្វឹកហាត់កីឡាគុនដាវមានឱកាសបញ្ចេញសមត្ថភាព និងវាស់ស្ទង់សមត្ថភាពគ្នាទៅវិញទៅមក ក៏ដូចជាធ្វើការសម្រិតសម្រាំងរកកីឡាករមានទេពកោសល្យល្អ សម្រាប់បន្ដវេនពីរាមច្បងនាថ្ងៃអនាគត និងចូលរួមប្រកួតលើឆាកអន្ដរជាតិផងដែរ។

ហេតុនេះលោកសង្ឃឹមថា ពានរង្វាន់ Western Cup នឹងមានជាបន្ដបន្ទាប់ទៀត ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមឲ្យបានកាន់តែច្រើន ពិសេសគឺដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ។ ការអះអាងបែបនេះ ក៏ព្រោះលោកយល់ថា បច្ចុប្បន្នកីឡាគុនដាវ កំពុងត្រូវការធនធានកីឡាករ-កីឡាការិនីជាច្រើន ដើម្បីចូលរួមប្រកួតលើឆាកអន្ដរជាតិ ដ្បិតកន្លងមកមានព្រឹត្តិការណ៍អន្ដរជាតិជាច្រើន បានអញ្ជើញកម្ពុជាចូលរួមដែរ តែកម្ពុជាខ្វះធនធាន។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផល ក្រោយធ្វើការប្រកួត ១ថ្ងៃពេញវិញ រួមមានវិញ្ញាសានារីដាវកាប់ឯកត្តជន លេខ១ កីឡាការិនី ប៉ែន ណារីតា និងលេខ២ កីឡាការិនី សារ៉ុន វ៉ាន់វ៉ាឡុកា មកពីក្លឹបវេស្ទើនដូចគ្នា គ្រាដែលលេខ៣ ស្ទួនបានទៅកីឡាការិនី វាសនា អាលីហ្សា មកពីក្លឹបហូសាណា និងកីឡាការិនី ស៊ា សុក្កតិកា មកពីវេស្ទើន។ រីឯវិញ្ញាសាដាវធំឯកត្ដជនបុរស លេខ១ កីឡាករ សាវឿន សក័នុ មកពីក្លឹបសន្ធរម៉ុក, លេខ៣ កីឡាករ ខឿន ទីម៉ា, លេខ៣ ស្ទួនមានកីឡាករ ភាស ប៉ារីស និង សុង លីហ៊ួត មកពីក្លឹបហូសាណាដូចគ្នា៕