(កូរ៉េ)៖​ ទូរទស្សន៍កូរ៉េខាងត្បូង KBS មិនអនុញ្ញាតិឱ្យធ្វើការចាក់ផ្សាយវីដេអូចម្រៀងកំពុងផ្ទុះរបស់ក្រុមចម្រៀងស្រី Blackpink ដែលមានចំណងជើងថា «Kill This Love» ឡើយ ដោយសារតែក្នុងវីដេអូចម្រៀងនេះបានបង្ហាញថា សមាជិកក្រុមម្នាក់ឈ្មោះ Rose បានបើករថយន្ត​ដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

តាមរយៈវីដេអូចម្រៀងបានបង្ហាញថា សមាជិកស្រី Rose បានឈរកណ្តាលផ្លូវ និងបម្រុងបើករថយន្តបុកខ្លួនឯង ដែល KBS យល់ថា សកម្មភាពទាំងនេះខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ថា តើ​ Rose មានសុវត្ថិភាពឬអត់ នៅពេលដែលសម្តែងឈុតឆាកបែបនេះ ព្រោះមើលទៅហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងណាស់។

គួរជម្រាប់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលទូរទស្សន៍កូរ៉េខាងត្បូង KBS ធ្វើការហាមឃាត់មិនឱ្យចាក់ផ្សាយនូវវីដេអូចម្រៀងនានា ក្រោមហេតុផលដដែលៗ ខណៈកន្លងទៅ បទចម្រៀងដែលមានចំណងជើងថា «Chitty Chitty Bang Bang» របស់ Lee Hyori អតីតដៃគូចម្រៀងរបស់ Rain និងចម្រៀងដទៃទៀត ក៏ត្រូវបាន KBS បានការហាមឃាត់ដែរ៕