(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះវគ្គ ១៦ក្រុមចុងក្រោយរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៣-២៤-២៥ ខែមេសា ឆ្នាំ២០១៩ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត រដូវកាលទី១៣ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុង ក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រគ្រប់ហើយ គ្រាដែលខេត្តរតនៈគិរី និងខេត្តកោះកុង គឺជាខេត្តកូនពៅ ក្រោយទម្លាប់គូប្រកួតកាលពីម្សិលមិញ។

ចំពោះខេត្តរតនៈគិរី បានវាយបកទម្លាក់ខេត្តតាកែវ ដោយលទ្ធផល ៣-១ លើទឹកដីរបស់ខ្លួន។ ការប្រកួតដ៏ជក់ចិត្តនេះ ខេត្តតាកែវ បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅតង់ទី១ ប៉ុន្ដែចូលតង់ទី២ ខេត្តរតនៈគិរី បានផ្លាស់ប្ដូរទម្រង់លេង និងធ្វើបានយ៉ាងល្អ ដោយបានវាយបកស៊ុតក្រុមភ្ញៀវ ៣គ្រាប់ផ្ទួនៗ ដើម្បីឡើងវគ្គបន្ដ គ្រាដែលខេត្តតាកែវ បានត្រឹមសោកស្ដាយ ដ្បិតនាំមុខមុន តែគ្មានសំណាង។

ឯខេត្តកោះកុង បានយកឈ្នះខេត្តស្វាយរៀង ៣-២ នៅកីឡដ្ឋានខេត្តកោះកុង។ ជ័យជម្នះទាំងប្រផិតប្រផើយនេះ ខេត្តកោះកុង ស្ទើរភ័យនាចុងម៉ោង បន្ទាប់ពីពួកគេ បានទាត់បំប៉ោងសំណាញ់ទីខេត្តស្វាយរៀង ៣គ្រាប់នៅតង់ទី១ តែត្រូវខេត្តស្វាយរៀង វាយបកបាន ២គ្រាប់វិញ នៅតង់ទី២។ ប៉ុន្ដែគួរឲ្យស្ដាយ ខេត្តស្វាយរៀង បានត្រឹមជូនដំណើរក្រុមម្ចាស់ផ្ទះឡើងវគ្គបន្ដ ក្រោយអាជ្ញាកណ្ដាលផ្ដុំកញ្ចែបញ្ចប់ការប្រកួត ដោយខេត្តកោះកុងឈ្នះ ៣-២។

ហេតុនេះ បេក្ខភាពឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បានរកឃើញអស់ហើយ គឺមានខេត្តសៀមរាប, ខេត្តព្រៃវែង, ខេត្តកែប, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តត្បូងឃ្មុំ, ខេត្តកោះកុង និងខេត្តរតនៈគិរី។ រីឯកម្មវិធីប្រកួតវគ្គបន្ដ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួត នាពេលឆាប់ៗខាងមុខ ដើម្បីកំណត់ក្រុមណាខ្លះជាម្ចាស់ផ្ទះ ហើយក្រុមខ្លះ ត្រូវធ្វើជាភ្ញៀវ ក្នុងការប្រកួតប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕