(ភ្នំពេញ)៖ យុវជនកូនកាត់ខ្មែរ-ថៃ Kasidej Vasunan ហៅ DOME ដែលជាកូនប្រុសម្ចាស់ក្លឹបបឹងកេត បានជាប់ជុំទី១ ក្នុងការធ្វើជាមួយសាលាបាល់ទាត់ FCBESCOLA របស់ក្លឹប FC Barcelona ហើយ បន្ទាប់ពីធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្មេងៗជាច្រើននាក់ជុំវិញពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗ ។
DOME បានធ្វើដំណើរទៅអេស្ប៉ាញ ហើយបានធ្វើតេស្ដ កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅ ដោយហ្វឹកហាត់ជាមួយយុវជនជាច្រើន ដែលត្រូវបានអញ្ជើញដោយសាលាបាល់ទាត់ FCBESCOLA ខាងលើ ។ ជាលទ្ធផលកីឡាករថ្នាល នៃក្លឹបបឹងកេតអែហ្វស៊ីរូបនេះ បានជាប់ជុំទី១ ហើយត្រៀមបន្ដធ្វើតេស្ដជុំទី២ នាថ្ងៃទី០៥ ខែឧសភាខាងមុខ ។
បើតាមប្រភពពីក្លឹបបឹងកេត បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីសាកល្បងជាប់ជុំទី២ DOME ដែលជាកូនប្រុសលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត នឹងមានឱកាសចូលរួមហ្វឹកហាត់ផ្លូវការជាមួយយុវជនដទៃទៀត នៅសាលាបាល់ទាត់របស់ក្លឹបកំពូលរបស់អេស្ប៉ាញ FC Barcelona នាខែមិថុនា ។ ដូច្នេះគេរំពឹងថា DOME នឹងបន្ដការខិតខំបន្ថែមទៀត ដើម្បីសម្រេចគោលដៅក្លាយជាកូនខ្មែរទី១ បានហ្វឹកហាត់ជាមួយសាលាបាល់ទាត់អន្ដរជាតិនេះ ។
គួរបញ្ជាក់ថា មុនត្រូវបានសាលាបាល់ទាត់ FCBESCOLA កោះហៅជាថ្មី កីឡាករមានឪពុកជាជនជាតិថៃ និងម្ដាយជាជនជាតិខ្មែរ DOME ធ្លាប់ជាប់ការតេស្ដជម្រុះក្នុងតំបន់ ដើម្បីចូលរួមហ្វឹកហាត់នៅអេស្ប៉ាញចំនួន ២លើកមកហើយ កាលពីឆ្នាំ២០១៨ ។ ដោយមើលឃើញនូវសមត្ថភាព និងទេពសកោល្យរបស់គេ ទើបទាក់ចិត្តគ្រូបង្វឹក រហូតកោះអញ្ជើញរូបគេ ទៅចូលរួមធ្វើតេស្ដសមត្ថភាពជាថ្មីពេលនេះ ៕