(ម៉ាឌ្រីដ)៖ ក្រុមម្ចាស់ផ្ទះ Atletico Madrid បានពន្យារពេលលើកពាន La Liga មុនបិទរដូវកាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona តាមរយៈ​យកឈ្នះក្រុមភ្ញៀវ Valencia ៣-២ យប់មិញនេះ បន្ថយគំលាតមកនៅត្រឹម ៩ពិន្ទុគិត ត្រឹមសប្តាហ៍ទី៣៤។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមលេខ២ At. Madrid រកបាន ៧១ពិន្ទុបន្តដេញតាមពីក្រោយក្រុមកំពូលតារាង Barcelona ៩ពិន្ទុ ក្នុងចំណោម ៨០ពិន្ទុដោយនៅសល់ ៤ប្រកួតក្នុងដៃមុនបិទរដូវកាលដូចគ្នា។

៣គ្រាប់របស់ Atletico Madrid រកបានដោយកីឡាករជួរមុខ Morata, Griezmann និង Correa នៅនាទីទី៩ នាទី៤៩ និងនាទី៨១ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Valencia រកបានដោយកីឡាករ Gameiro នៅនាទី៣៦ និងប៉េណាល់ទី ដោយកីឡាករ Parejo នៅនាទី៧៧ បន្តធ្វើឲ្យក្រុមមានមូលដ្ឋាននៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះមាន សង្ឃឹមប្រជែងជើងឯក La Liga ជាមួយ Barca បន្តទៀត។

យ៉ាងណាក៏ដោយ ក្រុមដែលត្រៀមប៉ះ Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League នាដើមខែក្រោយនេះ FC Barcelona នឹងឈ្នះជើងឯក La Liga ដដែល ប្រសិនបើពួកគេយកឈ្នះក្រុមភ្ញៀវ Levante នៅកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈ Atletico Madrid ចាញ់ក្រុម Real Valladolid នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕