(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត រដូវកាលទី១៣ បានរកឃើញក្រុមខ្លាំង ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយទៀតហើយ រួមមានខេត្តកំពត ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយកាលពីម្សិលមិញ។
សម្រាប់ខេត្តកំពត បានទម្លាក់ខេត្តមណ្ឌលគិរី ជាមួយលទ្ធផល ៣-០ លើទឹកដីរបស់ខ្លួន គ្រាដែលខេត្តកំពង់ធំ បានយកឈ្នះក្រុមភ្ញៀវខេត្តព្រះវិហារ ២-០ នៅកីឡដ្ឋានខេត្តកំពង់ធំ។ រីឯខេត្ដត្បូងឃ្មុំ បានយកឈ្នះខេត្តពោធ៍សាត់ ទាំងប្រផិតប្រផើយជាមួយលទ្ធផល ២-១ ក្នុងនាមជាក្រុមម្ចាស់ផ្ទះដូចគ្នា។
ដូច្នេះពេលនេះមាន ៦ក្រុមហើយ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ គ្រាដែល ៣ក្រុមទៀត រួមមានក្រុមខេត្តសៀមរាប ខេត្តកែប និងខេត្តព្រៃវែង។ រីឯ ២ក្រុមទៀត ត្រូវរង់ចាំការប្រកួត ២ប្រកួតចុងក្រោយ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ នារសៀលថ្ងៃទី២៥ ខែមេសានេះ រួមមានខេត្តកោះកុង ប៉ះខេត្តស្វាយរៀង និងខេត្តរតនៈគិរី ប៉ះខេត្តកែវ។
គួរដឹងថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ គឺប្រកួតតែ ១ជើងប៉ុណ្ណោះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងឡើងវគ្គបន្ដ។ ដូច្នេះបន្ទាប់ពីរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គបន្ដនាពេលឆាប់ៗខាងមុខផងដែរ៕