(ឡូសអេនជឺឡេស)៖ តួអង្គជាច្រើនដែលជា Hero នៅក្នុងរឿង «Avengers: Endgame» ត្រូវបានបង្ហាញខ្លួន នៅក្នុងកម្មវិធីសម្ភោធរឿងជាលើកដំបូង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ខ្សែភាពយន្តដែលមានរយៈពេលជាង ៣ម៉ោងនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅលើពិភពលោក ចាប់ពីថ្ងៃទី ២៤ ខែមេសា តទៅ ខណៈដែល​ខ្សែភាពយន្តនេះ បានបញ្ចាំងនៅ ឡូសអេនជឺឡេសនៅថ្ងៃទី២២ ខែមេសា។ Karen Gillan (ខារែន ហ្គីលលាន) ដែលជាតួស្រីNebula នៅក្នុងរឿង «Avengers: Endgame» បាននិយាយថា «ខ្សែភាពយន្តដែលមានរយៈពេលវែង កំឡុងពេលនៃការថតវែង ហើយនៅក្នុងចំណោមខ្សែស្រឡាយរឿង Avenger មានតែលើកនេះទេដែលមានរយៈពេលយូរខ្លាំង។ តែក៏មានភាពអស្ចារ្យខ្លាំងណាស់ដែរសម្រាប់តារាសម្ដែង ដែលជា Hero នៅក្នុងរឿងនេះ»

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «Avengers: Endgame» គឺជាខ្សែភាពយន្តដែលមានការគាំទ្រខ្លាំងជុំវិញពិភពលោក ក្នុងនោះរួមមាន​ប្រទេសកម្ពុជាផងដែរ ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩៕