(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក ភារ៉ា​ ត្រូវបានអ្នករស់ក្នុងចង្កោមសិល្បៈដឹងថា លោកគឺជាតារាសម្តែងមួយរូប និងបានប្រឡូកចូលសិល្បៈជាយូរមកហើយ ដោយក្នុងនោះក៏មានស្នាដៃក្នុងរឿងដុំ និងរឿងភាគជាច្រើនផងដែរ។ ផ្ទុយទៅវិញ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺតារាប្រុសរូបនេះមិនសូវមានទស្សនិកជនស្គាល់ច្រើន មិនមានប្រជាប្រិយភាពទៅវិញ ដែលធ្វើឱ្យមានចម្ងល់ថា តើបញ្ហាទាំងនេះអាចដោយសារលោកគ្មានខ្សែ គ្មានបក្ខពួកឬយ៉ាងណា? លោកនឹងចូលរួមមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

ជាការគាត់សម្គាល់ មួយរយៈចុងក្រោយមកនេះមានអ្នកសិល្បៈជាច្រើនបានខ្សឹបខ្សាវតៗគ្នា ពីរឿងគ្មានបក្ខពួក គ្មានខ្សែក្នុងវិស័យសិល្បៈ ដែលធ្វើឱ្យពួកគេមិនសូវមានវត្តមានជាតួសំខាន់ៗ ឬតួនានាក្នុងរឿងល្បីៗ ទាំងដឹងថាខ្លួនក៏មានសមត្ថភាព និងអាចធ្វើបានផងនោះ។ ទន្ទឹមគ្នានេះ ក៏មានអ្នកសិល្បៈខ្លះបង្ហើបថា អាចប្រហែលមកពីសមត្ថភាពខ្លួន មិនសមនឹងសាច់រឿងរបស់គេឬយ៉ាងណា។ ងាកមកតារាប្រុស ភារ៉ា ឯណោះវិញ ក៏មិនខុសពីអ្នកសិល្បៈខាងលើដែរ ដោយលោកបានប្រឡូកក្នុងសិល្បៈយូរហើយ តែបែរជាមិនល្បីល្បាញ គ្មានប្រជាប្រិយភាពទៅវិញ អាចមកពីគ្មានខ្សែ ឬគ្មានសមត្ថភាព?​

រាល់ចម្ងល់ទាំងនេះ និងរឿងរ៉ាវអាថ៌កំបាំងនានា លោក ភារ៉ា នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបកស្រាយឱ្យទស្សនិកជនបានជ្រាប់កាន់តែច្បាស់រាល់រឿងរ៉ាវសិល្បៈ និងបរិបទជីវិតរបស់លោក។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕