(កូរ៉េ)៖ តារាសម្តែងប្រុស ដែលទស្សនិកជនកម្ពុជា ស្គាល់តាមរយៈសម្តែងជាតួឯកក្នុងរឿង «ព្រះរាជបុត្រឆ្លងភព» គឺលោក Park Yoochun ថ្មីៗនេះត្រូវបានប៉ូលីសឃាត់ខ្លួន និងធ្វើតេស្តរកឃើញថា លោកបានប្រើប្រាស់សារធាតុញៀន។ ក្រោយការធ្វើតេស្តចេញលទ្ធផលច្បាស់លាស់ ក្រុមហ៊ុន C-JeS ក៏បានប្រកាសថា បានបញ្ចប់កិច្ចសន្យាជាមួយតារាប្រុសរូបនេះ ព្រោះតែលោកធ្វើឱ្យក្រុមហ៊ុនបាត់បង់ជំនឿចិត្ត។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន MBC។
ក្រុមប៉ូលីសកូរ៉េខាងត្បូង បានយកសក់របស់តារាសម្តែងប្រុស Park Yoochun ទៅឱ្យអ្នកជំនាញធ្វើការពិសោធន៍ ហើយទីបំផុតក៏រកឃើញថា លោកបានប្រើប្រាស់នូវសារធាតុញៀន ប្រភេទ «Philopon» ឬ ហៅម្យ៉ាងទៀតថា «Methamphetamine»។
បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានបញ្ចេញ ក្រុមហ៊ុន C-JeS បានចេញនូវសេចក្តីប្រកាសមួយថា ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយតារាប្រុស Park Yoochun ហើយ ដោយក្នុងសេចក្តីប្រកាសនេះទៀតសោត បានលើកឡើងថា ខណៈក្រុមហ៊ុនបានជឿទុកចិត្ត និងរងចាំការសើបអង្កេតនោះ ទីបំផុតពួកយើងមានការខកចិត្តជាខ្លាំង បន្ទាប់ពីលទ្ធផលរបស់អ្នកសើបអង្កេតជំនាញ បានរកឃើញថា ការធ្វើតេស្តមានភាពវិជ្ជមាន បានន័យថា លោក Park Yoochun ពិតជាបានប្រើប្រាស់សារធាតុញៀនប្រាកដមែន។ ដូច្នេះក្រុមហ៊ុនបានសម្រេច បញ្ចាប់កិច្ចសន្យាជាមួយ Park Yoochun ដូចអ្វីដែលបានកំណត់តាំងពីដើមមក ហើយក្រុមហ៊ុនធានាថាមិនធ្វើឱ្យរឿងនេះកើតឡើងម្តងទៀតហើយ និងសុំទោសចំពោះមហាជន នូវបញ្ហាចម្រូងចម្រាស់ទាំងនេះ។
គួរជម្រាប់ថា ដំបូងឡើយតារាប្រុស Park Yoochun ត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងករណីប្រើបា្រស់សារធាតុញៀនជាមួយតារាស្រី Hwang Hana ហើយភ្លាមៗនោះ លោកក៏បានធ្វើសន្និសីទកាសែត ដោយអះអាងថា ខ្លួនបានធ្លាប់ប្រើប្រាស់គ្រឿងញៀង ដូចអ្វីដែល បានលើកឡើងទេ។ បន្ទាប់មកក្រុមប៉ូលីសក៏ព្យាយាមស្វែងរកភស្តុតាង ដើម្បីឱ្យប្រាកដថា Park Yoochun ពិតជាប្រើ ឬយ៉ាងណា។ បន្ទាប់ពីមានភស្តុតាងច្បាស់លាស់ តាមរយៈការយកសក់លោកទៅធ្វើតេស្ត គឺបានរកឃើញថា លោកប្រើប្រាស់គ្រឿងញៀនម្យ៉ាងពីជប៉ុន ហើយតុលាការក៏បានចេញដីកាចាប់ខ្លួនលោកតែម្តង៕