(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានដាក់ការជឿជាក់លើកូនក្រុមកាន់តែខ្លាំង ក្រោយដឹកនាំឈ្នះ ៤ប្រកួតផ្ទួនៗនាដើមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ពិសេសក្រោយលត់ក្រុមភ្នំពេញក្រោន ៥-១ ក្នុងកាលពីចុងសប្ដាហ៍កន្លងទៅ។

គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះបានសម្ដែងការពេញចិត្ត ចំពោះការលេង ៧០នាទីដំបូងទល់នឹងភ្នំពេញ ហើយថា បើសិនពួកគេ រក្សាទម្រង់លេងដូច្នេះ ព្រះខ័នរាជស្វាយរៀង នឹងបន្ដទទួលបានជ័យជម្នះជាបន្ដបន្ទាប់ទៀត។ លើសពីនេះ លោកក៏បានកោតសរសើរកូនក្រុមដែលបានផ្ដោតអារម្មណ៍គ្រប់វិនាទី ក្នុងការប្រកួតនីមួយៗទៀតផង។

លោកថា «ខ្ញុំគិតថា ៣ពិន្ទុដ៏សំខាន់នេះ (ពេលឈ្នះភ្នំពេញក្រោន) យើងធ្វើបានល្អនៅ ៧០នាទីដំបូង ប៉ុន្តែ២០នាទីចុងក្រោយយើងពុំអាចធ្វើអ្វីបានទាំងអស់។ ដូច្នេះយើងត្រូវរៀនសូត្របន្ថែមទៀត ដូចរយៈពេល ៧០នាទីដំបូង ខ្ញុំជឿជាក់ថាយើងនឹងអាចឈ្នះការប្រកួតច្រើនផ្សេងទៀត...។ កីឡាករគួរបានកោតសរសើរ ដោយផ្តោតអារម្មណ៍ខ្លាំងលើការប្រកួត។ ដោយទាំងអស់នេះកើតចេញពីកីឡាករទាំងអស់គ្នាដោយធ្វើការខ្លាំង និងផ្តោតលើការងាររបស់ខ្លួនរៀងរាល់ថ្ងៃ»

ជាមួយនឹងការបង្ហាញខ្លួនក្នុងរដូវកាលទី២ ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង គេឃើញលោក Conor Nestor ពេលនេះ កំពុងសាងភាពលេចធ្លោជូនក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ដោយមិនទាន់ស្គាល់ចាញ់ ឬស្មើ ក្នុងលីគកំពូលកម្ពុជានោះទេ បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៤សប្ដាហ៍ ឈ្នះគ្រប់ការប្រកួត នឹងមាន ១២ពិន្ទុពេញ ឈរកំពូលតារាង មុនបន្ដប្រកួតសប្ដាហ៍ទី៥ ក្រៅដីជាមួយក្រុមអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែមេសាចុងសប្ដាហ៍នេះ៕