(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសខេត្តចំនួន៣ មានខេត្តព្រៃវែង សៀមរាប និងខេត្តកែប បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ (១/៤) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ខេត្ត រដូវកាលទី១៣ មុនគេ បន្ទាប់ពីទម្លាក់គូប្រជែងក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅលើទីលានចំនួន ៣ផ្សេងៗគ្នាកាលពីម្សិលមិញ។

សម្រាប់ខេត្តព្រៃវែង បានយកឈ្នះខេត្តបាត់ដំបង ២-០ នៅកីឡដ្ឋានខេត្តព្រៃវែង កាលពីម្សិលមិញ។ ជាមួយនឹងការប្រកួតចាញ់ធ្លាក់នេះ ក្រុមម្ចាស់ផ្ទះព្រៃវែង បានទាត់បំប៉ោងសំណាញ់ទីភ្ញៀវ ១គ្រាប់ក្នុងតង់ទី១ និងបន្ថែម ១គ្រាប់ទៀតនៅតង់ទី២ គ្រាដែលខេត្តបាត់ដំបង ពុំមានឱកាសវាយបកឡើយ បានត្រឹមជូនដំណឹងខេត្តព្រៃវែង ឡើងវគ្គបន្ដប៉ុណ្ណោះ។

អ្វីដែលកាន់តែជក់ចិត្ត គឺខេត្តសៀមរាប និងខេត្តកែប សុទ្ធតែបានទម្លាក់គូប្រកួត ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោងស្មើគ្នា ១-១ ដូចគ្នា ពោលគឺខេត្តសៀមរាប ឈ្នះខេត្តកំពង់ស្ពឺ ៤-៣ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈខេត្តកែប ឈ្នះខេត្តបន្ទាយមានជ័យ ៤-៣ នៅកីឡដ្ឋានខេត្តកែប ដែលនាំឲ្យខេត្តសៀមរាប និងកែប បានឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។

ចំណែក ៥ក្រុមផ្សេងទៀត ដែលត្រូវឡើងវគ្គបន្ដជាមួយក្រុមខ្លាំងទាំង៣ខាងលើ គឺត្រូវចាំអ៊ុតលទ្ធផលការប្រកួត នៅថ្ងៃទី២៤-២៥ ខែមេសា ដែលជាការជួបគ្នារវាងក្រុមខេត្តកំពត ប៉ះខេត្តមណ្ឌលគិរី, ខេត្តកំពង់ធំ ប៉ះខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ ប៉ះខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃពុធនេះ ខណៈនៅរសៀលថ្ងៃព្រហស្បត្ដិ៍ស្អែករួមមានខេត្តកោះកុង ប៉ះខេត្តស្វាយរៀង និងខេត្តរតនៈគិរី ប៉ះខេត្តតាកែវ៕