(ភ្នំពេញ)៖ ជាការកត់សម្គាល់ បន្ទាប់ពីតារាកំប្លែងប្រុស លោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី បានសម្រេចចិត្តទៅបួសធ្វើជាព្រះសង្ឃអស់មួយជីវិត ដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលមកយ៉ាខ្លាំងរួចមក ពេលនេះអ្វីដែលទស្សនិកជនចង់ដឹងបន្ថែម គឺភរិយារបស់លោក គឺអ្នកនាង លាប សោភ័ណ្ឌ ហៅនាង ភីម ថាតើអ្នកនាងមានអារម្មណ៍បែបណា ក៏ដូចជាយល់យ៉ាងណា ចំពោះការសម្រេចចិត្តរបស់ស្វាមី។ យ៉ាងណាមិញ តាមរយៈការប្រកាស​កាលពីពេលថ្មីៗនេះ អ្នកនាង ភីម ផ្ទាល់បានបង្ហាញនូវគោលជំហររបស់ខ្លួនថា នាងមិនមានបំណងយកប្តីមួយទៀត តាមការផ្តាំផ្ញើរ​របស់នាយ តាក់ស៊ី ជាស្វាមីនោះទេ ពោលគឺសុខចិត្តរកស៊ីកម្លាំងញើសឈាមខ្លួនឯង និងការជួយជ្រោមជ្រែងខ្លះៗរបស់បងស្រីធម៌។

តាមរយៈការផ្តល់បទសម្ភាសន៍ឲ្យដល់អ្នកកាសែត នៅហាងមីស៊ុបកូនកាត់ ម្តុំកោះពេជ្រ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ អ្នកនាង លាប សោភ័ណ្ឌ ហៅនាង ភីម បាននិយាយថា​ នាងមិនមានបំណងយកប្ដីមួយទៀត តាមអ្វីដែលនាយតាក់ស៊ី បានប្រាប់នាងនោះទេ ដោយអ្នកនាងថា នឹងតស៊ូចិញ្ចឹមកូនប្រុសក្នុងបន្ទុក ដែលមានឈ្មោះ​ រឿង ជីវ័ន្ត វ័យ១៣ឆ្នាំ ដោយកំលាំងញើសឈាមខ្លួនឯង និងក្រោមការជួយជ្រោមជ្រែងរបស់បងស្រីម្នាក់ ដែលជាម្ចាស់ហាងមីស៊ុបកូនកាត់ផ្ទាល់។

ចំណែកនាយ តាក់ស៊ី ផ្ទាល់ក៏បានបញ្ជាក់បន្ថែមថា ហេតុផលដែលលោកបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន ដោយសារតែ​បច្ចុប្បន្នលោកចាប់ផ្ដើមមានអារម្មណ៍ថា នៅមិនសុខប្រសិនបើមិនបានទៅបួស។ លោកអះអាងថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ បើនិយាយទៅជាឧបនិស្ស័យ តម្រូវឲ្យលោកត្រូវតែទៅបួស ដោយមិនសឹកវិញទេ គឺបួសអស់មួយជីវិតតែម្តង។ លោកថា អ្វីដែលជំរុញចិត្តលោកឲ្យស្ងប់នៅក្នុងការបួសពេលនេះ គឺដោយសារតែប្អូនធម៌ ដែលជាម្ចាស់ហាងមីស៊ុបកូនកាត់ បានធានាជួយមើលខុសត្រូវប្រពន្ធកូន ហើយលោកក៏បានបើកផ្លូវឲ្យភរិយាយកស្វាមីថ្មី និងអាចទៅមើលលោកម្ដងម្កាលក៏បាន។

យ៉ាងណាមិញ ងាកមកម្ចាស់ហាងមីស៊ុបកូនកាត់ អ្នកស្រី គង់ វណ្ណា ដែលជាអ្នកធានាមើលការខុសត្រូវប្រពន្ធកូន របស់នាយ តាក់ស៊ី វិញក៏បានថ្លែងប្រាប់ថា ដោយសារតែនាយតាក់ស៊ីសម្រេចចិត្តទៅបួស ដោយឃាត់លែងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រីដែលធ្លាប់រាប់អាន និងស្រឡាញ់ គ្រួសារនាយ តាក់ស៊ី និងភរិយា គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគឲ្យនាយតាក់ស៊ីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាង ភីម ប្រសិនបើសិល្បៈមិនរីកចម្រើន ដើម្បីឲ្យកូនប្រុសតែមួយរបស់ នាយ តាក់ស៊ី បានសិក្សាចប់ចុងចប់ដើម។

អ្នកស្រីបន្តថា ខ្លួននឹងបង្រៀនអ្នកនាងភីមឲ្យចេះរកស៊ី ឬ​មកធ្វើការប្រចាំហាងឲ្យខ្លួន ដោយអ្នកស្រីធានាមិនឲ្យអ្នកនាង ភីម ពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃនោះទេ។ ភ្ជាប់ជាមួយគ្នានេះ អ្នកស្រីមានគម្រោងបើកហាងមីស៊ុបកូនកាត់ និងហាងប៊ុហ្វេសមុទ្របៃតង ហើយឲ្យអ្នកនាងភីមមើលការខុសត្រូវ ប៉ុន្តែបើអ្នកនាងភីម ចង់តែរឿងសិល្បៈ ដោយមិនចង់រកស៊ីនោះ អ្នកស្រីនឹងជួយផ្គត់ផ្គង់តម្រូវការមិនឲ្យ​នាយ តាក់ស៊ី ខ្វល់ខ្វាយច្រើនឡើយ៕