(ភ្នំពេញ)៖ មួយរយៈនេះផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងខ្សែភាពយន្តខ្មែរខ្នាតតូច ដែលមានចំណងជើងថា «បងប្អូន» ដោយមានការចូលរួមសម្តែងពីលោក លោក ម៉ឺន ឯកសុភារិទ្ធ។ រឿងនេះចេញទើបតែបាន៥ថ្ងៃ ត្រូវបានទស្សនិកជនគាំទ្រយ៉ាងច្រើន ដោយមានការចូលមើលរហូតដល់ទៅ១លានដង ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃដំបូង ដែលធ្វើឱ្យលោក ម៉ឺន ឯកសុភារិទ្ធ ជាតួសម្តែងក្នុងរឿងនេះផ្ទាល់រីករាយយ៉ាងខ្លាំង។ តាមរយៈនេះ លោកបានបញ្ជាក់ថា ដើម្បីជាផ្នែកមួយចូលរួមលើកតម្កើងភាពយន្តខ្មែរ ក៏ដូចជាដើម្បីឱ្យទស្សនិកជនងាកមកគាំទ្រភាពយន្តខ្មែរឱ្យបានច្រើន លោកទទួលថតសម្រាប់តែភាពយន្តមានខ្លឹមសារអប់រំប៉ុណ្ណោះ បើនិយាយឱ្យចំគឺមុននឹងទទួលសម្តែង ទាល់តែពិនិត្យសាច់រឿងជាមុន បើរឿងណាគ្មានអត្ថន័យអប់រំលោកមិនទទួលនោះទេ។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទដោយផ្ទាល់ តារាប្រុសរាងខ្ពស់ស្រឡះលោក ម៉ឺន ឯកសុភារិទ្ធ បានលើកឡើងថា ដើម្បីកុំឱ្យបាត់បង់គុណភាព, ការដែលអាចសម្តែងបានហើយ តែបើភាពយន្ត គ្មានខ្លឹមសារ គ្មានអត្ថន័យអប់រំ គឺអាចធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាព ព្រោះក្នុងនាមជាតារាសម្តែងមួយរូប លោកចង់ឱ្យភាពយន្តរបស់ខ្មែរ ចេញទៅមានការគាំទ្រច្រើនពីមហាជន។ លោកអះអាងថា ស្នាដៃច្រើនពេក តែគ្មានគុណភាពក៏មិនល្អដែរ ហេតុនេះហើយទើបមុននឹងទទួលថត លោកត្រូវពិនិត្យមើលពីតម្លៃអប់រំក្នុងសាច់រឿងជាមុនសិន ដើម្បីឱ្យចេញទៅទទួលបានការគាំទ្រ។

លោកបន្ថែមថា កន្លងមកក៏ធ្លាប់បដិសេធខ្សែភាពយន្តច្រើនដែរ ព្រោះតែហេតុផលខាងលើ។ តែយ៉ាងណា ទន្ទឹមនឹងការបដិសេធលោកក៏មានការព្រួយបារម្ភ រឿងខ្លាចបាត់បង់ទីផ្សារដែរ។ លោកថា ការបារម្ភតែងតែមានហើយ តែប្រសិនបើអ្នកដឹកនាំយល់ពីហេតុផល គឺមិនថ្វីនោះទេ ប៉ុន្តែបើផលិតកម្មមួយចំនួនមិនយល់ហេតុផល ដោយគិតថាបានល្បីតំឡើងឬកពារជាដើមនោះ។ ត្រង់ចំណុចនេះ លោក ម៉ឺន ឯកសុភារិទ្ធ បានផ្តាំផ្ញើរទៅកាន់ផលិតករថា រាល់ការបដិសេធគឺសុទ្ធតែមានហេតុផលហើយ ដូច្នេះលោកសុំឱ្យមានការយោគយល់អធ្យាស្រ័យផង មិនបានន័យថាបានល្បីតិចតូចប្រកាន់ឬកពារនោះទេ។

យ៉ាងណាមិញ ងាកមកការទទួលបាននូវលទ្ធផលដ៏ជាទីពេញចិត្ត តាមរយៈនាបការគាំទ្រច្រើន ទៅលើខ្សែភាពយន្តខ្មែរខ្នាតតូច ដែលមានចំណងជើងថា «បងប្អូន» នេះ លោក ម៉ឺន ​ឯកសុភារិទ្ធ បាននិយាយថា នេះជាលើកទី២ហើយ ដែលរឿងខ្នាតខ្លីលោកចូលរួមសម្តែង មានការគាំទ្រច្រើន និងជាលើកទី១ដែលសម្តែងជាតួកាចបែបនេះ ព្រោះកន្លងមកសម្តែងតែតួស្លូតត្រង់។ លោកបញ្ជាក់ថា ពេលដែលរឿង «បងប្អូន» មិនទាន់ដាក់បញ្ចាំង លោកមិនមានការរំពឹងថាមានការគាំទ្រច្រើនទេ តែមានការគាំទ្រច្រើនលើសពីការស្មានបែបនេះ លោកពិតជាសប្បាយរីករាយជាខ្លាំង និងសន្យាថានឹងព្យាយាមសម្តែងរឿងបន្តបន្ទាប់ឱ្យល្អបន្ថែមទៀត៕