(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក FC Barcelona ត្រូវបានជ័យជម្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបន្តក្រសោប ពានលីគកំពូលនៃប្រទេសអេស្ប៉ាញ La Liga រដូវកាលនេះ ក្រោយពេលបំបាក់ម្ចាស់ផ្ទះ Deportivo Alaves ២-០ យប់មិញ នាំមុខកំពូលតារាងដាច់ ១២ពិន្ទុក្នុងសប្តាហ៍ទី៣៤។

២គ្រាប់បំប៉ោងសំណាញ់ទីពីសំណាក់កីឡាករ Alena និងប៉េណាល់ទីដោយ Luis Suarez ធ្វើឲ្យក្រុមនៅតំបន់ Catalan មួយនេះ រកបាន ៣ពិន្ទុក្រៅដី ដើម្បីបានពិន្ទុសរុប ៨០ពិន្ទុនាំមុខក្រុមលេខ២ Atletico Madrid ដែលមានតែ ៦៨ពិន្ទុបណ្តោះអាសន្ន ដ្បិតនៅសល់ ១ប្រកួតក្នុងដៃក្តី។

១គ្រាប់ប៉េណាល់ទីបានសម្រេចនោះដែរ ក៏ធ្វើឲ្យ Luis Suarez កើនគ្រាប់ស៊ុតបញ្ចូលទីបានចំនួន ២២គ្រាប់ផងដែរនៅ La Liga នារដូវកាលឆ្នាំ២០១៨-២០១៩នេះ ក្នុងខណៈ FC Barcelona នៅសល់ ៤ប្រកួតទៀតនឹងបិទរដូវកាល និងត្រូវប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League ទល់នឹងក្រុមអង់គ្លេស ហង្សក្រហម Liverpool នាដើមខែឧសភា ឆ្នាំ២០១៩ ខាងមុខផងដែរ។

យ៉ាងណាមិញ Barca នឹងប្រកាសពីជ័យជម្នះពាន La Liga ជាផ្លូវការផងដែរ ប្រសិនបើក្រុមលេខ២ Atletico Madrid ចាញ់ក្រុមភ្ញៀវ Valencia នៅរាត្រីថ្ងៃពុធនេះ៕