(ភ្នំពេញ)៖ កីឡាករ សារី ម៉ាត់ណូរូទីន បានត្រឡប់ចូលទីលានវិញហើយ បន្ទាប់ពីសម្រាកព្យាបាល និងជាសះស្បើយពីរបួសជង្គង់ ១០០%។ ទន្ទឹម​ជាមួយគ្នា ខ្សែបម្រើ-ប្រយុទ្ធរូបនេះ បានប្ដេជ្ញាខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយក្លឹបថ្មីរបស់ខ្លួន គឺក្លឹបកីឡាបាល់ទាត់វិសាខា។

អតីតកីឡាករណាហ្គាវើលរូបនេះបានប្រាប់អ្នកសារព័ត៌មាន ក្រោយបង្ហាញខ្លួនបាន ១៥នាទីក្នុងជំនួបរវាងក្រុមវិសាខា និងក្រុមអគ្គិសនីកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅថា ខ្លួនសប្បាយចិត្តជាខ្លាំង ក្រោយបានត្រឡប់ចូលទីលានវិញ ស្របពេលក្រុមបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម។

សារី ម៉ាត់ណូរូទីន ថា «ប្រកួតនេះ លោកគ្រូដាក់ខ្ញុំឲ្យលេង ដើម្បីបន្សាំការប្រកួតក្រោយទៀត អញ្ចឹងខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាមួយការខិតខំ ដើម្បីរកឱកាសជួយក្រុម។ ខ្ញុំមានការសោកស្ដាយសម្រាប់របួសរបស់ខ្ញុំ ដែលធ្វើឲ្យខកខានជួយក្រុមប៉ុន្មានប្រកួតកន្លងមក តែខ្ញុំវិលត្រឡប់មកវិញ ខ្ញុំនឹងខិតខំប្រឹងឲ្យលើសពីសមត្ថភាពរបស់ខ្ញុំ ដើម្បីរួមចំណែកជួយក្រុម និងដណ្ដើមលទ្ធផលល្អៗសម្រាប់ក្រុមថែមទៀត។

ទន្ទឹមជាមួយការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែបម្រើ-ប្រយុទ្ធវ័យ ២២ឆ្នាំ ក្នុងរដូវកាលថ្មីនេះ គឺក្រុមវិសាខា បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ដែលនាំឲ្យវិសាខា រក្សាចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ដោយមាន ១០ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួត ឈ្នះ៣ និងស្មើ១ មិនទាន់ស្គាល់ចាញ់។ រីឯប្រកួតបន្ទាប់ វិសាខា ត្រូវជួបក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសាខាងមុខ៕