(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបក្រសួងការពារជាតិ Debiro Dzarma Bata បានរក្សាកៅអីកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ (Top-Scorers) ១សប្ដាហ៍ទៀតហើយ បន្ទាប់ពីរូបគេរក ៣គ្រាប់ម្នាក់ឯង (Hat-Trick) ជួយឲ្យការពារជាតិ យកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីម្សិលមិញ។
នេះគឺជាលើកទី៣ ហើយ ដែលអតីតកីឡាករព្រះខ័នរាជស្វាយរៀងរូបនេះ ធ្វើបាន Hat-Trick ស្មើនឹងរកបាន ៩គ្រាប់ម្នាក់ឯង ហើយឈរកំពូលតារាង Top-Scorers បណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្នុងចំណោមបង្ហាញវត្តមានលើទីលានបាន ៤លើក ជួយឲ្យក្រុមក្រសួងការការពារជាតិ ទទួលបានជ័យជម្នះ ៣ប្រកួត និងស្មើ១ មិនទាន់ស្គាល់ចាញ់ម្ដងឡើយ។
ចំពោះគូប្រជែងស្បែកជើងមាសរបស់ Dzarma Bata ពេលនេះ គឺកីឡាករ Okereke Timothy ដែលទើបរកបាន ៤គ្រាប់ជួយឲ្យក្រុមអង្គរថាយហ្គឺរ លត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U-18 ដោយលទ្ធផល ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ បច្ចុប្បន្ន Timothy រកបាន ៦គ្រាប់បណ្ដោះអាសន្ន ពោលគឺចាញ់ប្រៀបកីឡាករ Dzarma Bata តែ ៣គ្រាប់ប៉ុណ្ណោះ៕