(កូរ៉េ)៖ ព្រឹត្តិការណ៍​​ប្រគំ​តន្ត្រី​សង្ក្រាន្ត​សប្បុរសធម៌​ដើម្បី​គន្ធបុប្ផាដឹក​នាំ​ដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​ដោយ​​ជោគជ័យ ហើយបងប្អូន​​ដែល​បាន​ទៅ​ចូល​រួម​កម្មវិធី​មួយ​នេះ​បាន​ទាំង​រាំ​លេង​​សប្បាយ​ម៉ា​អស់ដៃ​ជា​មួយ​​idol​ជា​ច្រើន​រូប ​បាន​ទាំង​ជួយ​ដល់​​មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​ទៀត។

តាម​ការ​លើក​ឡើង​របស់​លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សម្រាប់​ការ​​ប្រគំតន្ត្រី​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ មិន​ងាយ​ធ្វើ​ឡើង​រហូត​ដល់​ពេល​យប់​ឡើយ ភាគ​ច្រើន​ធ្វើ​ឡើង​ត្រឹម​៥ទៅ​៦យប់​គឺ​បញ្ចប់​ហើយ ប៉ុន្តែ​សម្រាប់​ការ​ប្រគំតន្ត្រី​លើក​នេះ​គឺ​មាន​លក្ខណៈ​ពិសេស​ជាង​រាល់​ដង​ទៅ​ទៀត គឺ​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​១០​យប់​​ជ្រៅ និង បាន​ធ្វើ​ឲ្យ​បងប្អូន​សប្បាយ​រីករាយ​ជា​ខ្លាំង។

លោកឧកញ៉ា ​បន្ថែម​ថា អ្វី​ដែល​ជា​មោទនភាព​​និង​​មិន​សរសើរ​មិន​បាន​​នោះ គឺ​ទឹក​ចិត្ត​ប្អូន​ខ្មែរ​​ពិសេស​បង​ប្អូន​ពលករ​​យើង​​តែ​ម្ដង ខំ​ស្កាត់​មក​ពី​តំបន់​ឆ្ងាយៗ​រាប់រយ​គីឡូ​​ម៉ែត្រ មក​​ចូលរួម​កម្មវិធី​នេះ បន្ត​នៅ​រាំ​លេង​រហូត​ដល់​ទៅ​យប់​ជ្រៅ​ចប់​កម្មវិធី​តែ​ម្ដង។

តារា​ល្បី​តែ​១០រូប​​មាន​ដូច​ជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម,លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីក កំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រី មិន​បាន​ធ្វើ​ឲ្យ​បងប្អូន​យើង ខក​បំណង​ឡើយ គឺ​បាន​ច្រៀង​រាំ​លេង​ជា​មួយ​បង​ប្អូន​យ៉ាង​សប្បាយ​រីក​រាយ​និង​បង្ហាញ​ភាព​ស្និទ្ធស្នាល​បំផុត។

ទន្ទឹមគ្នា​នោះ​ផង​ដែរ​លោក​ឧកញ៉ា ឡេង ណាវ៉ត្រា សូម​គោរព​ជូនពរ​បងប្អូន​ទាំង​អស់​ ដែល​បាន​ចូល​រួម​កម្មវិធី​ខាង​លើ បាន​សម្រេច​នូវ​ពុទ្ធពរទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ហើយ​ក្រុមហ៊ុន​របស់​លោក សន្យា​ថា និង បន្ត​​បញ្ជូន​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រូប​ទៀត ដើម្បី​បម្រើ​អារម្មណ៍បង​ប្អូន ជា​បន្តបន្ទាប់​ទៀត៕