(ភ្នំពេញ)៖ កីឡាករចាំទី ស៊ូ យ៉ាទី របស់ក្លឹបណាហ្គាវើល បានរងរបួសឆ្អឹងជំនីរខាងឆ្វេងយ៉ាងដំណំ ក្រោយរូបគេលោតសង្គ្រោះបាល់ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F នៃពានរង្វាន់ AFC Cup ទល់ក្លឹបសិង្ហបុរី Tampines Rover ដោយបុកនឹងបង្គោលទីនៅជិតបញ្ចប់ការប្រកួត។

អតីតអ្នកចាំទីក្រសួងការពារជាតិ ភ្នំពេញក្រោន និងបឹងកេត រូបនេះមានអាការៈរបួសនៅឈឺតិចៗនៅឡើយ ហើយកំពុងទទួលការព្យាបាលដោយម៉ាស្សា និងប្រើ Ultrasound ដោយរំពឹងថា នឹងអាចត្រឡប់ទៅសភាពធម្មតាវិញទាន់ជំនួបលីគកំពូលកម្ពុជា ឆ្នាំ២០១៩ រវាងណាហ្គាវើល ប៉ះក្រុមសូលទីឡូអង្គរ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរ។

ជុំវិញបញ្ហារបួសនេះដែរ យ៉ាទី បាននិយាយថា «ពេលហ្នឹងខ្ញុំលោតទៅ បានធ្លាក់មកវិញ បុកនឹងដែកចងសំណាញ់ទីនៅខាងក្រោម ចំឆ្អឹងជំនីរក្រោមទ្រូងខាងឆ្វេង។ ខ្ញុំបានឲ្យគ្រូពេទ្យពិនិត្យហើយ គាត់ថាអត់មានស្រាំ ឬបាក់បែកអីទេ ប៉ុន្តែរាងហើម និងឈឺដោយសារយើងបុកទៅគ្រាំ។ ខ្ញុំសោកស្ដាយដែលជួយក្រុមអត់បានដល់ចប់ការប្រកួត ហើយលទ្ធផលធ្វើឲ្យយើងខកបំណងម្ដងទៀត»

សូមបញ្ជាក់ផងថា អ្នកចាំទី ស៊ូ យ៉ាទី បានរងរបួសឆ្អឹងជំនីរក្រោមទ្រូងខាងស្ដាំ ក្រោយលោតសង្គ្រោះបាល់ហើយធ្លាក់មកបុកដែកចងសំណាញ់បង្គោលទី ក្នុងបរាជ័យ ៤-២ របស់ណាហ្គាវើល ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Tampines Rover កាលពីយប់ថ្ងៃទី១៧ មេសាកន្លងទៅក្នុងជំនួបជើងទី២ ក្រោយពេលបរាជ័យ ៥-១ ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិ៕