(ប៉ារីស)៖ យោងតាមសារព័ត៌មាន football-italia បានចេញផ្សាយថា ក្លឹបបារាំង Paris Saint-Germain ហ៊ានចំណាយទឹកប្រាក់ប្រមាណ ៥០លានអ៊ឺរ៉ូ ស្មើនិង ៥៦លានដុល្លារសម្រាប់ការនាំយកកីឡាករខ្សែការពារស្លាបឆ្វេង Alex Sandro ចេញពីទឹកដីអ៊ីតាលី Serie A នៃក្លឹប Juventus។
កីឡាករសញ្ជាតិប្រេស៊ីល Alex Sandro វ័យ ២៨ឆ្នាំបានបង្ហាញខ្លួនចំនួន ២៨ប្រកួតឲ្យក្រុមសេះបង្កង់ក្នុងរដូវកាលឆ្នាំ ២០១៨-២០១៩ នេះក្នុងលីគកំពូល Serie A គ្រាដែលកិច្ចសន្យាថ្មីជាមួយក្លឹបយក្សនេះ នៅមិនទាន់មានការចរចាណាមួយនៅឡើយ ប្រសិនណា PSG នៅតែមានការចង់បាន Sandro ពិតមែននោះ Juventus ក៏នឹងចាំបាច់ត្រូវរកអ្នកជំនួស ដូចជាមានការលើកឡើងកាលពីពេលកន្លងទៅថា ជាមិត្តរួមសញ្ជាតិប្រេស៊ីល Marcelo របស់ក្រុម Real Madrid ជាដើម។
គួរបញ្ជាក់ផងថា កីឡាករខ្សែការពារ Alex Sandro ត្រូវបាន Juventus នាំមកពីក្លឹប FC Porto កាលពីឆ្នាំ២០១៥ ក្នុងតម្លៃប្រមាណ ២៦លានអ៊ឺរ៉ូ ស្មើនឹង២៩លានដុល្លារ ដោយរូបគេលេងបាន ១០២ប្រកួត និងរកបាន ៩គ្រាប់ផងដែរ៕