(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការស្នើ សុំសិទ្ធិគ្រប់គ្រង លើបទចម្រៀង «ថ្ងៃដែលអូនចុកឈាម» ឬ «ភូមិភ្នំធំ» ដែលជាស្នាដៃមរតករបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ពីសំណាក់លោកស្រី គាត គឹមលន រួចមកមក ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចផ្តល់ចិត្តគ្រប់គ្រងមរតកសាសន៍នៃចម្រៀងខាងលើជូន ដល់ក្រុមគ្រួសារកវី គង្គ ប៊ុនឈឿន តាមសំណើរជាផ្លូវការហើយ។
បើយោងតាមលិខិតប្រកាសរបស់ក្រសួងវប្បធម៌ ចេញនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា «ក្នុងរយៈពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើរសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ លើបទចម្រៀងដែលជាស្នាដៃរបស់ លោក គង្គ ប៊ុនឈឿន ពីលោកស្រី គាត គឹមលន ជាភិរយារបស់លោក។ ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន០១បទ ដែលមានចំណងជើងថា «ថ្ងៃដែលអូនចុកឈាម» ឬ «ភូមិភ្នំធំ» ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក គង្គ ប៊ុនឈឿន។ ក្រសួងនឹងប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ជូន លោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងតាមសំណើ»។
ភ្ជាប់ជាមួយនឹងការប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ ពីសំណាក់ក្រសួងវប្បធម៌ ទៅកាន់ភរិយារបស់កវី គង្គ ប៊ុនឈឿន នេះផងដែរ ខាងក្រសួងក៏បានបញ្ជាក់ដែរថា បើសិនជាមានខាងភាគីណា មានបំណងចង់ប្តឹងជំទាស់ នឹងការស្នើសុំគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រិសិល្បៈបាន ក្នុងរយៈពេល១ខែ ចាប់តាំងពីថ្ងៃប្រកាសនេះ។
បើគេនៅចាំមិនភ្លេច ការកើតឡើងនូវការទាមទារសិទ្ធគ្រប់គ្រងពីសំណាក់ភរិយារបស់កវីនិពន្ធ គង្គ ប៊ុនឈឿន គឺបន្ទាប់ពីគេសង្កេតឃើញថា រាល់ផលិតកម្ម និងអ្នកនិពន្ធមួយចំនួន បានលួចចម្លងស្នាដៃមរតកដើម ដោយគ្មានការអនុញ្ញាត និងយកមកកែប្រែ ដែលសកម្មភាពនេះជាកត្តាមួយ ធ្វើឱ្យស្នាដៃមរតកដើមបាត់បង់ និងមិនឱ្យតម្លៃស្នាដៃរៀមច្បងតែម្តង។
ពាក់ព័ន្ធនឹងរឿងនេះ លោកស្រី គាត គឹមលន ដែលជាភរិយារបស់កវី គង្គ ប៊ុនឈឿន ធ្លាប់បានប្រាប់ថា «គោលបំណងដែលលោកស្រីចង់ យកសិទ្ធិមកគ្រប់គ្រងនេះនេះ គឺមិនមែនដើម្បីទទួលបានផលប្រយោជនជាទឹកប្រាក់ ឬកម្រៃអ្វី ពីបណ្តាផលិតកម្ម ដែលបានលួចចម្លងស្នាដៃកវីនោះទេ គឺដើម្បីចង់បានតម្លៃ ពោលឲ្យអ្នកនិពន្ធជំនាន់ក្រោយ ផ្តល់តម្លៃ រាល់កេរ្តិ៍មរកតទាំងអស់ និងចេះថែមរក្សាររាល់ស្នាដៃរបស់កវី ព្រោះដើម្បីឲ្យដួងវិញ្ញាណក្ខន្ធ របស់ កវីដែលចែកឋានទៅ បានស្ងប់ស្រួល និងដើម្បីជាសេចក្តីថ្លៃថ្នូរ សម្រាប់អ្នកនិពន្ធ»។
យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេ ថាការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការផ្តល់សិទ្ធគ្រប់គ្រងមរតកសាសន៍នៃចម្រៀងខាងលើ ទៅឲ្យលោកស្រី គាត គឹមលន មានបុគ្គលរូបណាចង់ប្តឹងជំទាស់ ឬអត់នោះទេ នៅមិនទាន់ដឹងនៅឡើយទេ ព្រោះមកទល់នឹងពេលនេះ ហាក់ស្ងប់ស្ងាត់ មិនទាន់មានផលិតកម្ម និងបុគ្គលណា ចេញមុខមកជំទាស់ឡើយ៕