(ភ្នំពេញ)៖ ក្រុម Khmer United A បានរបូតកៅអីកំពូលតារាងនៃពានរង្វាន់ Keller Williams Cambodia League 2019 (KW C-League) ទៅហើយ បន្ទាប់ពីប្រកួតស្មើក្រុមមិនទាន់ស្គាល់ចាញ់ដូចគ្នា គឺក្រុម ISI United ១-១ ក្នុងជំនួបសប្ដាហ៍ទី៦ នៅកីឡដ្ឋានវេស្ទើនកាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

ការប្រកួតដ៏ជក់ចិត្តប្រចាំពាននេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតរកបាន ១គ្រាប់ម្នាក់ នៅតង់ទី១ ដែលធ្វើសម្រេចដោយសារការទាត់បាល់ពិន័យ ១១ម៉ែត្រដូចគ្នា។ តែតង់ទី២ ពុំមានគ្រាប់ស៊ុតបំប៉ោងសំណាញ់ទីនោះទេ ទោះបីក្រុម Khmer United A និងក្រុម ISI United បានបង្កើតឱកាសរៀងៗខ្លួនក៏ដោយ។

សម្រាប់ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុម Khmer United A និងក្រុម ISI United ធ្លាក់មកឈរលេខ២ និងលេខ៣ ដោយមាន ១៦ពិន្ទុស្មើគ្នា ក្រោយបញ្ចប់ការប្រកួត ៦លើកឈ្នះ៥ និងស្មើ១ មិនទាន់ស្គាល់ចាញ់ ។ ចំណែកកៅអីកំពូលតារាង បានធ្លាក់ទៅកណ្ដាប់ដៃក្រុម Riel Phnom Penh ក្រោយលត់ក្រុម Sen Sok Empire FT ១២-០ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៦ប្រកួតជាប់គ្នា រកបាន ១៨ពិន្ទុពេញ។

ដោយឡែកលទ្ធផលចំនួន ៦គូទៀត រួមមាន៖ ក្រុមការពារតំណែងជើងឯក Avatar ឈ្នះក្រុម Bayon Wanderers ៣-១, ក្រុម Khmer United B លត់ក្រុម Anvaya ៩-០, Khmer United U22 ឈ្នះក្រុមគ្រួសារតាំងគោក ៥-០, ក្រុមទន្សោងអែហ្វស៊ី លត់ក្រុម Home Sport ១១-១, ក្រុម Sniper FC ឈ្នះក្រុម A.T.K ៦-១ និងក្រុម Mambo PP យកឈ្នះក្រុមបាសាក់ ៣-២។

គួរបញ្ជាក់ដែរថា ក្រោយចប់ការប្រកួតសប្ដាហ៍ទី៦ គណៈកម្មការរៀបចំពានពាក់កណ្ដាលអាជីព KW Cambodia League 2019 បានជូនដំណឹងដល់ក្រុមនីមួយៗថា បន្ទាប់ពីធ្វើការប្រកួត ១សប្ដាហ៍ទៀត ពោលគឺនៅសប្ដាហ៍ទី៧ គណៈកម្មការនឹងអនុញ្ញាតឲ្យក្រុមនីមួយៗ ធ្វើការដោះដូរកីឡាករចំនួន ៥នាក់ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងពាននេះ កាន់តែមានប្រសិទ្ធភាពថែមទៀត៕