(ភ្នំពេញ)៖ ថ្លែងទាំងអួលដើមករ ក្នុងកម្មវិធី «កម្មវិធីអាថ៌កំបាំងក្រៅឆាករបស់តារា» ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News កាលពី​យប់ថ្ងៃសៅរ៍សប្តាហ៍មុន កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក សុខ ជំនោរ បានសុំឱ្យតុលាការជួយពន្លឿនសំណុំរឿង ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាសរបស់នាង។ វ៉ាន់ នីឡា បញ្ជាក់ថា តាំងពីសាលាដំបូងបង្គាប់ឱ្យជនជាប់ចោទ គុយ សិទ្ធិសក្តិ សងជំងឺចិត្តចំនួនពីររយលានរៀល និងដាក់ពន្ធនាគារមួយឆ្នាំមក នាងមិនទាន់ឃើញមានការអនុវត្តន៍នោះទេ។ ផ្ទុយទៅវិញ រូបនាងជាជនរងគ្រោះបានបាត់បង់ទាំងកិត្តិយសនិងការងារ ខណៈជនចាប់ចោទដែលជាកូនអ្នកធំ បែរជាមានសេរីភាពសប្បាយរីករាយទៅវិញ។ ភ្ជាប់ជាមួយនេះ វ៉ាន់ នីឡា បានបង្ហាញក្តីសង្ឃឹមថា បើនាងមានការជ្រោមជ្រែងពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការផ្តល់មេធាវីជួយនាង នោះ ១០០% នាងខ្ញុំនឹងទទួលបានយុត្តិធម៌ឆាប់ៗនេះ។

កញ្ញា វ៉ាន់ នីឡា បានផ្តាច់ទាំងស្រុងពីវិស័យរសិល្បៈរយៈពេល ៣ឆ្នាំ ដោយសារមានបញ្ហាខាងលើ ខណៈបច្ចុប្បន្ននាងនៅតែទទូច សុំឱ្យតុលាការអនុវត្តន៍ឱ្យឆាប់រួចរាល់សព្វគ្រប់ ចំពោះរឿងក្តីរបស់នាង។ នាងនិយាយថា រាល់ថ្ងៃនាងទន្ទឹងចាំមើលការអនុវត្តន៍បន្តរបស់តុលាការ បន្ទាប់ពីសាលាឧទ្ធរណ៍ប្រកាសបដិសេធបណ្ដឹងទាស់របស់ លោក គុយ សិទ្ធិស័ក្ត ក្នុងសំណុំរឿងទម្លាយរូបអាក្រាត។ នាងថា ក្នុងរយៈពេល៦ខែ ដែលសាលាសាលាឧទ្ធរណ៍ប្រកាសបដិសេធបណ្ដឹងទាស់នេះ ហើយបច្ចុប្បន្ននាងមិនទាន់ទទួលបានដំណឹងអ្វីទៀតទេ ពោលហាក់បី​ដូចជាចេះតែអូសបន្លាយរហូត ដែលធ្វើឱ្យនាងទន្ទឹងរងចាំស្ទើររាល់ថ្ងៃ។

ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ និងបានបង្កើតមេធាវីសម្តេចតេជោ ដើម្បីជួយដល់ស្ត្រីរងគ្រោះឱ្យមានភាពយុត្តិធម៌វិញនោះ កញ្ញា វ៉ាន់ នីឡា បានបង្ហាញក្តីសង្ឃឹមតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» យ៉ាងដូច្នេះថា «នាងខ្ញុំតែងតែគិតថា បើសិនជានាងខ្ញុំពិតជាមានការជ្រោមជ្រែង ពីសម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជារបស់យើង គឺគាត់បានជួយជ្រោមជ្រែង ហើយជួយផ្តល់ជាមេធាវីសម្រាប់រូបនាងខ្ញុំ នោះនាងខ្ញុំ ១០០ភាគរយ ប្រាកដជាទទួលបានយុត្តិធម៌នៅក្នុងពេលឆាប់ៗផងដែរ»

យ៉ាងណាមិញ ភ្ជាប់ជាមួយគ្នានេះ ងាកមកការងារបច្ចុប្បន្ន កញ្ញា វ៉ាន់ នីឡា បានបង្ហើបឱ្យដឹងដែរថា បន្ទាប់ពីផ្អាក់ទាំងស្រុងពីសិល្បៈរយៈពេល ៣ឆ្នាំ នៅពេលឆាប់ៗខាងមុខនេះ នាងមកវិលមកស្វាគមន៍អ្នកគាំទ្រវិញ។ នាងថា នាងនឹងមានភាពក្លាហ៊ានឡើងវិញ ដើម្បីដើរលើវិថីសិល្បៈ ដោយមានគម្រោងឆាប់ដៃជាមួយបងប្រុសរបស់នាង គឺលោក សុខ ជំនោរ ក្នុងការផលិតរឿងកុន ដោយនាងចូលរួមសម្តែងជាលើកទី១តែម្តង ខណៈវិស័យចម្រៀងនាងនឹងបន្តទៀត ជាមួយនឹងការធ្វើជាតារាចម្រៀងឯករាជ្យ។ វ៉ាន់ នីឡា សង្ឃឹមថា ទស្សនិកជននឹងបន្តគាំទ្រនាង ជាមួយនឹងការត្រឡប់មកវិញនេះ៕