(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ខ្លួនកាន់តែមានកម្លាំងចិត្ត ទំនុកចិត្ត និងឆន្ទៈព្យាយាមទ្វេដង ក្រោយរួមចំណែកជួយឲ្យក្លឹប PKNS យកឈ្នះគូប្រជែង Melaka ៣-២ ក្នុងពានរង្វាន់ Malaysia FA Cup ដោយបានទាត់បញ្ចូលទី ១គ្រាប់ផងដែរ។
គួរដឹងដែរថា កីឡាករមានប្រភពពីខេត្តកំពតរូបនេះបានលើកឡើងដោយសុទិដ្ឋិនិយមខ្ពស់ថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់ដំណើរផ្លូវដ៏វែងឆ្ងាយ និងសម្បូរដោយឧបសគ្គរបស់ខ្លួន។ វឌ្ឍនាកាបានបង្ហាញការតាំងចិត្តថា នឹងធ្វើឲ្យបានកាន់តែប្រសើរពី១ប្រកួតទៅ១ប្រកួត ដើម្បីរក្សា និងពង្រីកកិត្តិនាមរបស់ខ្លួនក្នុងកម្រិតអន្តរជាតិ។
«អ្វីដែលសំខាន់ក្ដីរីករាយមួយសម្រាប់ខ្ញុំ ដែលបានទាត់បញ្ចូលទី និងជួយក្រុមទៅវគ្គបន្ត។ គ្រាប់បាល់នេះ ជាកម្លាំងជំរុញមួយបន្ថែមទៀតឲ្យខ្ញុំកាន់តែមានអារម្មណ៍ស្រស់ថ្លា ហើយផ្ដោតលើការធ្វើការឲ្យបានល្អក្នុងក្រុម។ ខ្ញុំសូមអរគុណដល់គ្រូបង្វឹក Rajagopal មិត្តរួមក្រុម រួមនឹងអ្នកគាំទ្រ PKNS ពិសេសអ្នកគាំទ្រខ្ញុំនៅកម្ពុជាទាំងអស់ ដែលតែងផ្ដល់កម្លាំងចិត្ត និងពាក្យដាស់តឿនល្អៗដល់ខ្ញុំ»។
គួរបញ្ជាក់ផងថា គិតចាប់ពីដើមរដូវកាលឆ្នាំ២០១៩ ក្នុងក្របខណ្ឌ Malaysia-Super League វឌ្ឍនាកា ធ្លាប់ទាត់ចូលទី១គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តក្រុមបញ្ចប់ទីចំនួន ៧លើក ហើយក្នុងការប្រកួត Malaysia FA Cup កាលពីយប់ថ្ងៃពុធ គេរកបានគ្រាប់បាល់ដំបូង និងជួយឲ្យ PKNS ឡើងទៅជុំទី៣៕