(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Heung-Min son រកបានគ្រាប់បើកឆាកនៅកីឡដ្ឋានថ្មី White Hart Lane ដែលទើបជួសជុលរួច ក្នុងជ័យជម្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុមភ្ញៀវ Crystal Palace ២-០ ក្នុងសប្តាហ៍ទី៣២ ជើងទី២ នៃ Premier League។

ការប្រកួតដែលបានធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ ជាការបើកសម្ពោធកីឡដ្ឋាន White Hart Lane ក្រោយចំណាយអស់ប្រមាណ ១ពាន់លានផោនក្នុងជួសជុល ក៏ដូចជាបន្ថែមកៅអីឲ្យបាន ៦០០០០នាក់ផងនោះ ដើម្បីលេងក្នុងព្រឹត្តិការណ៍ធំ UEFA Champions League ផងនោះ ដោយត្រូវប៉ះ Manchester City នាសប្តាហ៍ក្រោយ ជើងទី១ វគ្គ៨ក្រុមចុងក្រោយផងនោះ។

១គ្រាប់របស់កីឡាករប្រធានក្រុមកូរ៉ខាងត្បូង Son បានកើតឡើងនៅនាទី៥៥ មុនពេលមិត្តរួមក្រុមដែលជាជនជាតិ ដាណឺម៉ាក Christian Eriksen រកបានគ្រាប់ទី២ នៅនាទី៨០ ដែលជាជ័យជម្នះលើកដំបូងរបស់ក្រុម Spurs គិតចាប់ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឡើងទៅឈរនៅលេខ៣ ផងដែរ ដោយមាន៦៤ពិន្ទុ ខណៈកាំភ្លើងធំ Arsenal ធ្លាក់មកលេខ៤ វិញដោយមាន ៦៣ពិន្ទុ៕