(ភ្នំពេញ)៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា ហាក់មិនសូវសប្បាយចិត្ត ចំពោះខ្សែប្រយុទ្ធឡើយ បន្ទាប់ ពីយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ក្នុងជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ព្រោះលោកយល់ថា ខ្សែប្រយុទ្ធ នៅខ្វះខាតច្រើននៅឡើយ។

គ្រូកម្រិត A-License រូបនេះ ថា «តាមបច្ចេកទេស យើងនៅមានបញ្ហាដដែល គឺទំនាក់ទំនងតំបន់ប្រយុទ្ធ នៅ ស្ទើរខ្លាំង ដោយជំហរក្នុងការក្ដោបឱកាសទាត់ទីយឺតនៅឡើយ ដែលយើងត្រូវព្យាយាមបន្ថែមនូវការទាត់ សម្រេចទីឲ្យបានច្រើន។ ចំពោះការការពាររបស់យើង គឺមាន ពួកគាត់សហការគ្នាបានល្អច្រើន ទោះបីមាន ភ្លាត់មួយបាល់ដំបូងក្ដី តែការសហការជាក្រុម ពួកគាត់ការពារបានល្អច្រើន»

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមចំណាត់ថ្នាក់លេខ៣ ឆ្នាំចាស់នេះ បន្ទាប់ពីប្រកួតបើកឆាកស្មើសូល ទីឡូអង្គរក្នុងដី ០-០ ដែលធ្វើឲ្យវិសាខា ឡើងឈរក្នុងប្រអប់ Top-4 ដោយមាន ៤ពិន្ទុស្មើក្រុមអង្គរថាយហ្គឺរ និងក្រសួងការពារជាតិ តែចាញ់ប្រៀបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ២ពិន្ទុ ។ ឯប្រកួតបន្ទាប់ វិសាខា ត្រូវប៉ះភ្នំពេញក្រោន ក្រៅដី នាថ្ងៃទី០៧ ខែមេសាខាងមុខ នៅកីឡដ្ឋាន Smart RSN៕