(ភ្នំពេញ)៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 បានសម្រេចដកខ្លួនពីការប្រកួតពានរង្វាន់សម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC។

លេខាធិការប្រតិបត្តិដដែលបានបន្តថា ការសម្រេចមិនចូលរួមនេះ ដោយសារក្រុមមមាញឹកនឹងការសិក្សាផង និងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រៀងរាល់ចុងសប្ដាហ៍ផង ដែលធ្វើឲ្យប៉ះពាល់ខ្លះៗដល់ការសិក្សា។

លោក ឆាំង ពិសិដ្ឋ បានលម្អិតថា «ក្រុមសាលាបាល់ទាត់បាទី បានសម្រេចដកខ្លួនអត់ចូលលេងពានសម្តេចទេ ដោយសារធ្វើការខ្លាំងនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យហើយ អ៊ីចឹងបើលេងពាក់កណ្ដាលសប្ដាហ៍ទៀតនាំពិបាកប៉ះពាល់ដល់ការសិក្សារបស់ក្មេង។ អីចឹងលេងតែក្នុងលីគទប់ទល់តែជើងខ្លាំងក្នុងលីគហ្នឹងគឺគ្រប់គាន់ហើយ»

ដូច្នេះ ក្លឹបនៅក្របខណ្ឌលីគកំពូល ដែលត្រូវចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំនេះនឹងថយចុះមកត្រឹមចំនួន ១៣ក្រុមវិញ ហើយក្រុមឡើងពីពានរង្វាន់ថ្នាក់ខេត្ត នឹងកើនចំនួន៣ក្រុម៕