(ភ្នំពេញ)៖ តារាចម្រៀង សំឡេងធ្ងន់ត្រូវប៉ាន់តែបទមរតកដើម ស៊ូ ស៊ីរីកា បច្ចុប្បន្នកំពុងតែមមាញឹកនឹងការចេញទៅសម្តែង នៅទឹកដីសហរដ្ឋមេរិក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបងប្អូននៅទីនោះ។ ការសម្ដែងរបស់នាង មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ សូម្បីតែជនបរទេស មន្ត្រីទូតនានា ក៏មកទស្សនាយ៉ាងណែនៗគ្រប់ Show ផងដែរ។ ទន្ទឹមគ្នានេះ ស៊ូ ស៊ីរីកា បានបង្ហើបប្រាប់ថា សន្ទុះនៃការគាំទ្រពីបងប្អូនៅទីនោះគឺមានច្រើន ហើយអ្នកនៅទីនោះ ភាគច្រើននិយមរាំបទប្រជាប្រិយខ្មែរ។

ស្របពេលកំពុងមមាញឹកសម្តែងនៅសហរដ្ឋអាមេរិក កញ្ញា ស៊ូ ស៊ីរីកា បានបង្ហើបប្រាប់សាររយៈសារអេឡិចត្រូនិចថា បងប្អូននៅទីនោះ គឺមានការគាំទ្រនាងខ្លាំង ខណៈការចេញទៅច្រៀងនៅរដ្ឋខ្លះ គឺមានខាងមន្ត្រីទូតក្នុងរដ្ឋនោះចូលរួមទស្សនា ការសម្តែងច្រៀងរាំរបស់នាងទៀតផង។ មួយវិញទៀត ដើម្បីឆ្លើយតបនឹងការគាំទ្រខ្លាំងបែបនេះ ស៊ូ ស៊ីរីកា បានបង្ហាញថា នាងបានត្រៀមនូវបទចម្រៀងជាច្រើន សម្រាប់ចែកជូនបងប្អូននៅអាមេរិក បានរាំលេងសប្បាយ ដោយក្នុងនោះមានទាំងបទជាភាសាអង់គ្លេស, បទថ្មីទើបនឹងចេញក្នុងផលិតកម្មថោន និងបទមរតកដើមជាច្រើនទៀតផងដែរ។

មិនតែប៉ុណ្ណោះ ការចេញទៅសម្តែងនៅទឹកដីអាមេរិកលើកដំបូង ក្នុងរយៈពេល១ខែមកនេះ ស្រីស្រស់ ស៊ូ ស៊ីរីកា ផ្ទាល់បានធ្វើការសង្កេតឃើញថា បងប្អូនទស្សនិកជននៅទីនោះ គឺចូលចិត្តបទអង់គ្លេស និងបទប្រពៃណីខ្មែរ តែយ៉ាងណា ពេលរាំលេងសប្បាយទស្សនិកជនភាគច្រើន ចូលចិត្តបទប្រជាប្រិយខ្មែរ ដូចជាបទ ម៉ាឌីហ្សុន រាំវង់ និងបទផ្សេងៗទៀត ដែលជាចង្វាក់ប្រពៃណីខ្មែរតែម្តង។ ដោយឡែក សម្រាប់ទស្សនិកជនទៅចូលរួមទស្សនាការសម្ដែងដោយផ្ទាល់ នៅលើទឹកដីអាមេរិក បានឱ្យដឹងដែរថា ពេញចិត្តនូវទេពកោសល្យ និងសមត្ថភាពនាងគ្រប់គ្នា ព្រោះអាចបកស្រាយបានយ៉ាងពិរោះរណ្តំ ទាំងបទមនោសញ្ចេតនាជាភាសាខ្មែរ និងបរទេស ជាមួយនឹងស្ទិលក្រមិចក្រមើម ធ្វើឱ្យអ្នកមកទស្សនាដោយផ្ទាល់ជាប់ចិត្តមិនស្ទើរនោះទេ។

កញ្ញា ស៊ូ ស៊ីរីកា បានបន្តថា ការចេញទៅច្រៀងនៅអាមេរិកលើកទី១នេះ គឺមានរយៈពេល២ខែ ខណៈមកទល់នឹងពេលនេះ គឺបានមួយខែហើយ ដោយនាងនៅចូលឆ្នាំខ្មែរនៅទឹកដីអាមេរិកជាមួយបងប្អូននៅទីនោះតែម្តង។ នាងថា បើតាមដឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខ បងប្អូនភាគច្រើន ប្រហែលទៅវត្តនៅអាមេរិក និងខ្លះមានកម្មវិធីនៅផ្ទះជាដើម។

គួរជម្រាប់ថា ទោះបីជាតារាស្រីរូបនេះ កំពុងបង្ហាញខ្លួន និងសម្តែងនៅអាមេរិកក្តី តែសម្រាប់បងប្អូននៅខ្មែរ កំពុងតែចាប់អារម្មណ៍ខ្លាំង ជាមួយនឹងបទថ្មីបែបប្រពៃណីរបស់នាង ដែលចេញដើម្បីអបអរឆ្នាំថ្មីៗចំនួនពីរបទ គឺបទ «ម៉ាឌីហ្សុនឈូសស្បែកជើង» ដែលជាស្នាដៃនិពន្ធទំនុកច្រៀង ដោយលោក សោម ដូរ៉េ និងបទ និង បទ «ចាស់ហើយលោកប្ដី» ចម្រៀងជាមួយលោក ម៉ៅ ហាជី។ ព្រោះបទទាំងពីរនេះ កំពុងតែត្រូវទស្សនិកជនចាក់បន្លឺយ៉ាងកងរំពង នៅតាមស្តង់តាំងលក់ផលិតផលនានា និងក្នុងវេទិការាំលេងក្នុងមង្គលការ កន្លែងកំសាន្តនានា ស្របគ្នាដែលបទចម្រៀងទាំងនេះ ក៏មានអ្នកចូលស្ដាប់ច្រើនមិនធម្មតា នៅលើបណ្ដាញយូធូបផងដែរ ខណៈអ្នកច្រៀងគឺនៅអាមេរិកឯណោះ៕