(ភ្នំពេញ)៖ ក្រោយផ្លាស់ទៅក្លឹបថ្មីណាហ្គាវើល អ្នកចាំទីជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានបង្ហើបឲ្យដឹងថា ការហ្វឹកហាត់ប្រចាំថ្ងៃរបស់ខ្លួនជាមួយក្លឹប បានបង្កើនពេលច្រើនជាងមុនដល់ ៣០ភាគរយ ដើម្បីត្រៀមទប់ទល់គូប្រជែង ពិសេសខ្សែប្រយុទ្ធបរទេសដែលស្ទើរគ្រប់ក្លឹបក្នុងលីគបានប្រើប្រាស់។

ម្ចាស់ជយលាភីស្រោមដៃមាសលីគកំពូល ២សម័យបានបន្តថា សម្រាប់រដូវកាលថ្មីនេះ ហាក់មានផលវិបាកមួយចំនួន ពាក់ព័ន្ធកីឡាករបរទេសចំណូលថ្មីរបស់ក្លឹបគូប្រជែង។ យ៉ាទី បានពន្យល់ថា សម្រាប់កីឡាករធ្លាប់លេងនៅលីគកំពូលកម្ពុជា ងាយស្រួលស្មានចង្វាក់លេង និងការបញ្ចប់ទី ប៉ុន្តែកីឡាករថ្មីជាឧបសគ្គសម្រាប់ខ្លួន។

អតីតកីឡាករនៃក្លឹបភ្នំពេញក្រោន និងបឹងកេតអែហ្វស៊ី ស៊ូ យ៉ាទី មានការហាត់ខ្លាំងជាងមុន គឺប្រហែលជា ៣០ភាគរយ ព្រោះអ្នកចាំទី ត្រូវទៅហាត់៤៥នាទី ឬកន្លះម៉ោងមុនគេ។ បើគិតពីបច្ចេកទេស យើងបានហ្វឹកហាត់វាជាប្រចាំ ប៉ុន្តែការផ្ដោតហាត់ខ្លាំងនៅលើភាពរហ័សរហួននៃរាងកាយ និងការគិតលឿន ហើយច្បាស់ ដោយសារថាក្លឹបផ្សេងៗឥឡូវគេប្រើសុទ្ធតែប្រយុទ្ធបរទេសល្អៗ អញ្ចឹងយើងអត់អាចយឺតបានទេ។

កាលពីសប្ដាហ៍១ នាថ្ងៃបើកឆាកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ស៊ូ យ៉ាទី ជាអ្នកចាំទី១រូប ក្នុងចំណោម៥រូប ដែលបានរារាំងពុំឲ្យគូប្រកួតទាត់ចូលសោះ ហើយរួមចំណែកជួយឲ្យណាហ្គាវើលរកបាន៣ពិន្ទុដល់ទឹកដីអាស៊ីអឺរ៉ុបថែមទៀតផង៕