(ភ្នំពេញ)៖ ដើម្បីជាផ្នែកមួយចូលរួមគាំទ្រ និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ លោកអ្នកអាចឆ្លៀតពេលទំនេរពីការងារ ឬការសិក្សា ទៅចូលរួមទស្សនាផ្ទាំងទស្សនីភាពល្ខោនស្បែកតូច ស្បែកធំ និងល្ខោនយីកេ ក្នុងទម្រង់រឿង១០ រឿងខុសៗគ្នា នៅឯបរិវេណបណ្ណាល័យជាតិ ដែលមានការសម្តែងជូនដោយ សមាគមគោកធ្លក រៀងរាល់ថ្ងៃ ច័ន្ទ ពុធ និងសុក្រ វេលាម៉ោង ៦៖៣០នាទីល្ងាច។
ជាការពិត សមាគមគោកធ្លក ដែលមានទីតាំង នៅក្នុងបរិវេណបណ្ណាល័យជាតិ តែងតែធ្វើការសម្តែងជូននូវផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរជាច្រើនទម្រង់ ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា។ អ្វីដែលពិសេស សមាគមនេះក៏ទើបតែសម្ពោធនូវរោងសម្តែងថ្មីផងដែរ ហើយនឹងមានការសម្តែងជូនទស្សនាមួយឆ្នាំពេញ ជារៀងរាល់ថ្ងៃ ច័ន្ទ, ពុធ និងសុក្រ នៅក្នុងបរិវេណបណ្ណាល័យជាតិ ជាមួយនឹងផ្ទាំងទស្សនីយភាព ល្ខោនស្បែកតូច ស្បែកធំ និងយីកេដំកង់ ក្នុងទម្រង់ខ្សែរឿង ១០រឿងខុសៗគ្នា។
ជាក់ស្តែង លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជា ក៏បានធ្វើការចែករំលែងនូវសារមួយចំនួន ទាក់ទងនឹងសមាគមគោកធ្លក ថា «សមាគមសិល្បកគោកធ្លក នឹងមានការសម្ដែងជូនទស្សនា មួយឆ្នាំពេញ រៀងរាល់ថកងៃ ចន្ទ ពុធ និងសុក្រ វេលាម៉ោង ៦៖៣០នាទីល្ងាច នៅក្នុងបរិវេណបណ្ណាល័យជាតិ ជាមួយនឹងផ្ទាំងទស្សនីយភាព ល្ខោនស្បែកតូច ស្បែកធំ និងយីកេដំកង់ ក្នុងទម្រង់ខ្សែរឿង១០រឿងខុសៗគ្នា។ លោកអ្នកអាចមកជាវសំបុត្រចូលទស្សនា សម្រាប់ជនជាតិខ្មែរមួយ ៣ដុល្លារ ហើយក្មេងៗមិនគិតកម្រៃឡើយ ឬមួយលោកអ្នកអាចជាវសំបុត្រ ចូលទស្សនាប្រចាំឆ្នាំក្នុងតម្លៃ ៣០$ ដែលអាចចុះឈ្មោះចូលទស្សនាបាន៣នាក់ ដូច្នេះមានន័យថា លោកអ្នកចាយត្រឹម១០$ប៉ុណ្ណោះ សម្រាប់ការចូលទស្សនាមួយឆ្នាំពេញ»។
លោកបន្តថា «ចូលរួមគាំទ្រ លើកតម្កើងវប្បធម៌ខ្មែរ នូវទម្រង់សិល្បៈបុរាណ គឺផ្ដើមចេញពីខ្លួនយើង។ ចូរកុំនិយាយថា ខ្ញុំស្រឡាញ់វប្បធម៌ខ្មែរ ខ្ញុំគាំពារវប្បធម៌ខ្មែរត្រឹមសំណេរ ឬបបូរមាត់អី! ស្ដែងចេញនូវសកម្មភាព គាំទ្រ និងចូលរួមលើកស្ទួយ ការចំណាយលើសំបុត្រចូលទស្សនា ដើម្បីជាប្រយោជន៍រួម ក៏ដូចជាលើកស្ទួយដល់ជីវភាពរបស់សិល្បករជំនាញបុរាណទាំងអស់ ឲ្យរស់រានបន្តដំណើរ បម្រើវប្បធម៌ឲ្យមានជីវិតជាអមតៈអស់រៀងតទៅ»៕