(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់ៗបាត់មុខមួយខ្យល់ធំមក ផលិតករល្បីឈ្មោះ លោក ចាន់ណា រ៉ូណាន់ ត្រូវបានគេដឹងថា លោកកំពុងផលិតរឿងខា្នតធំថ្មីឲ្យផលិតកម្ម «អិលឌី» មានចំណងជើងថា «ឯណាខ្មោច» ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក កំពុងរង់ចាំទស្សនាស្នាដៃដឹកនាំ យ៉ាងអន្ទះសារ ព្រោះរាល់ស្នាដៃរបស់លោកផលិតឡើង គឺសុទ្ធសឹងតែមានគុណភាព និងផ្ទុះខ្លាំង ក្នុងវិស័យភាពយន្ត។
ជាមួយការផ្ទុះព័ត៌មានរឿងថ្មី របស់លោកត្រៀមនឹងចេញបញ្ចាំងនោះ អ្នកធ្លាប់គាំទ្រស្នាដៃផលិតករវ័យក្មេងរូបនេះ កំពុងរង់ចាំថ្ងៃមកដល់ នៃការចាក់បញ្ចាំងភាពយន្ត បែបភ័យរន្ធត់នោះ ព្រោះតែពួកគេជឿជាក់លើគុណភាពភាពយន្ត ដែលផលិតករមួយនេះ ផលិតឡើងថា នឹងមានអ្វីដែលថ្មីទាក់ចិត្ត អ្នកទស្សនាជាក់ជាមិនខាន។
រឿង «ឯណាខ្មោច» ដែលជាស្នាដៃថ្មីនោះត្រូវបានផលិតករ និងសិល្បករលេចមុខក្នុងរឿងនេះរំពឹងខ្ពស់ថា នឹងស្រូបបានអ្នកចូលទស្សនា ច្រើនកុះករនៅពេលខាងមុខ ព្រោះតែភាពយន្តនេះស្ថិតនៅ ក្រោមការសម្រិតសម្រាំងយ៉ាងពិសេស ពីផលិតករលោក ចាន់ ណារ៉ូណាន ដែលធ្លាប់ធ្វើឲ្យផ្ទុះកក្រើក វិស័យភាពយន្តលើរឿងជាច្រើនដូចជារឿង «កំណត់ហេតុនាងនាថ» រឿង «សសរកន្លោង» ជាដើម។
លោក ចាន់ណា រ៉ូណាន់ បានបញ្ជាក់ថា ខ្សែភាពយន្ត «ឯណាខ្មោច» ពោរពេញដោយឈុតឆាកបន្លាច និងកំប្លែងសើចចុកពោះ ដែលវាគឺជាវណ្ណកម្មថ្មីតម្រូវចិត្ត អ្នកគាំទ្រស្នាដៃលោកកន្លងមក ហើយលោកជឿជាក់ថា ភាពយន្តនេះនឹងទទួលបានជោគជ័យ ព្រោះតែគុណភាពនៃការផលិត ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ទាំងបច្ចេកទេសថត ការតុបតែងមុខ ការជ្រើសរើសតារាសម្តែង ទីតាំងថតគួរចាប់អារម្មណ៍ និងសាច់រឿងដ៏ល្អថ្មីប្លែកពីរឿង មុនៗឆ្ងាយ។
សូមបញ្ជាក់ថា ភាពយន្តរឿង «ឯណាខ្មោច?» មានចូលរួមសម្តែងដោយតារា ប្រុសស្រីល្បីឈ្មោះជាច្រើនមាន ដូចជា លោក ទ្រី តារាវុធ, កញ្ញា សួង ស៊ីធឿន, លោក ភី ម៉ៃ, កញ្ញា យេយេ, លោក សាតាន់, លោក ដូ រីកូ ជាដើម។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំង ក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២១មីនា ឆ្នាំ២០១៩ តទៅ នៅគ្រប់រោងភាព យន្តទាំងអស់៕